សន្ដិសុខសង្គម

សាហាវមែន! យុវជនពីរក្រុមបាញ់ប្រហារគ្នានៅកណ្តាលក្រុងបាត់ដំបងបណ្តាលឲ្យស្លាប់ម្នាក់

បាត់ដំបង៖ សង្ស័យជាមានទំនាស់រវាងក្រុមយុវជន២ក្រុមបានផ្ទុះអាវុធ១២គ្រាប់ជិតវេទិកាអុំទូក ខេត្តបាត់ដំបង បណ្តាលឲ្យមនុស្សម្នាក់បានស្លាប់។

សន្តិសុខការពារក្រុមហ៊ុនឯកជននៅទីតាំងកើតហេតុបានបញ្ជាក់ថា ករណីផ្ទុះអាវុធនេះបានកើតឡើងនៅអំឡុងវេលាម៉ោង ៤:០០នាទីទៀបភ្លឺ ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២២ ត្រង់ចំណុចសួនច្បារមាត់ស្ទឹងសង្កែ ក្បែរវេទិកាអុំទូក ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពខាងលើបានបន្តថា មុនពេលកើតហេតុមានក្រុមយុវជន កូនអ្នកមានចំនួន ០២ក្រុម បានបើករថយន្តមកឈប់ចត ជិតក្រុមយុវជនមួយក្រុមទៀតរួចបានចុចបើកកញ្ចក់បង្អួចហើយជជែកគ្នាបានបន្តិចស្រាប់តែបានទាញកាំភ្លើងខ្លីបាញ់តម្រង់ទៅលើភាគីម្ខាងទៀតបណ្តាលឲ្យមានមនុស្សម្នាក់របួសហូរឈាមដាបលើថ្នល់ក្រោយមកបានស្លាប់។តែភ្លាមៗនោះគេនៅមិនទាន់ដឹងពីអត្តសញ្ញាណអ្នកស្លាប់នៅឡើយទេ។

ករណីបាញ់ប្រហារនេះក្រៅពីស្លាប់មនុស្សគេឃើញមានគ្រាប់កាំភ្លើងបានទៅត្រូវដើមឈើចំនួន ០២គ្រាប់ និងត្រូវបង់អង្គុយចំនួន ០២គ្រាប់ផងដែរ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានទៅពិនិត្យនៅលើទីតាំងជាក់ស្តែងប្រមូលបានសម្បកគ្រាប់ចំនួន ១២គ្រាប់បន្សល់ទុកនៅកន្លែងកើតហេតុ៕

ដោយ៖ ព្រះអង្គខ្មៅ