សន្ដិសុខសង្គម

មិនទាន់ចាប់បានក្រុមខ្មាន់កាំភ្លើងបាញ់ ១២គ្រាប់ឱ្យបុរសម្នាក់ស្លាប់នៅឡើយ

បាត់ដំបង៖រហូតមកដល់ល្ងាចថ្ងៃទី៨ ខែធ្នូនេះ សមត្ថកិច្ចមិនទាន់ចាប់បានក្រុមខ្មាន់កាំភ្លើងបាញ់​១២គ្រាប់ក្នុងក្រុងបាត់ដំបងបណ្តាលឱ្យបុរសម្នាក់ស្លាប់ផ្តើមចេញពីរឿងប្រចណ្ឌនោះនៅឡើយទេ។

សមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើបង្កឡើងរវាងក្រុមក្មេង២ក្រុមមានជម្លោះរឿង​ប្រចណ្ឌជាមួយស្ត្រីម្នាក់។អំពើបាញ់ប្រហារនោះបានឡើងនៅម្តុំសួនច្បារមាត់ស្ទឹងសង្កែ ក្នុងភូមិព្រែកមហាទេព ក្នុងសង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង កាលពីវេលាទៀបភ្លឺថ្ងៃទី៨ ខែធ្នូ។

ទាំង២ក្រុមនេះកន្លងមកធ្លាប់ទំនាក់ទំនងជាមួយគ្នា។ប៉ុន្តែក្រោយកើតរឿងប្រចណ្ឌ​ចោទប្រកាន់លើគ្នាខណ:ចេញពីក្លិប ហើយបានណាត់ដើម្បីជួបគ្នាជម្រះគំនុំ។ដោយភាគីជនរងគ្រោះបានជិះម៉ូតូមកដល់ចាំមុន។លុះក្រុមភាគីខាងរថយន្តមកដល់​ក្រោយក៏បានឈ្លោះប្រកែកគ្នាមួយប្រាវ រួចបានទាញកាំភ្លើងប្រភេទឡុកបាញ់រះលើ​ក្រុមជនរងគ្រោះតែម្តង។

ពេលបាញ់នោះបណ្តាលឱ្យបុរសម្នាក់ស្លាប់នៅមន្ទីរពេទ្យនិងរងរបួសបុរស២នាក់ រស់នៅសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ។ចំណែកក្រុមបង្កនៅក្នុងក្រុងបោយប៉ែត ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួន៕ដោយ៖ព្រះអង្គខ្មៅ