សន្ដិសុខសង្គម

ព័ត៌មានបន្ថែមៈជុំវិញហេតុការណ៍ក្មេងស្ទាវ២ក្រុមបាញ់សម្លាប់គ្នានៅក្រុងបាត់ដំបង

ដោយៈ ព្រះអង្គខ្មៅ

បាត់ដំបង៖ សមត្ថកិច្ចបានបញ្ជាក់ថាជុំវិញករណីក្មេងស្ទាវពីរក្រុមបើកការប្រយុទ្ធគ្នាយ៉ាងសាហាវនៅសួនច្បារកណ្តាលក្រុងបាត់ដំបងកាលពីទៀបភ្លឺឈានចូលព្រឹកថ្ងៃទី៨ ធ្នូ ឆ្នាំ២០២២នេះគឺជារឿងដែលផ្តើមចេញពីភ្លើងប្រចណ្ឌ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងទាំងពីរក្រុមមានបញ្ហាជាមួយគ្នាក្នុងជម្លោះរឿងប្រចណ្ឌស្រីស្នេហ៍ ម្នាក់ដែលនៅជាមួយគ្នានៅក្នុងហេតុការណ៍មុនបាញ់ប្រហារនោះដែរ។យុវជនដែលជាជើងខ្លាំងទាំង ២ក្រុមនេះ កន្លងមកពួកគេធ្លាប់មានទំនាក់ទំនងជាមួយគ្នា។ប៉ុន្តែក្រោយកើតនូវរឿងប្រចណ្ឌចោទប្រកាន់ដាក់គ្នា ខណ:ចេញពីក្លិបពួកគេក៏បានណាត់ដើម្បីជួបគ្នាជំរះគំនុំតែចាស់តែម្តង។

សមត្ថកិច្ចបានឲ្យដឹងបន្ថែមទៀតថា មុនដំបូងគេឃើញភាគីរងគ្រោះបានជិះម៉ូតូជាមធ្យោបាយបានមកដល់សួនច្បារចាំមុន។ លុះបានមួយរំពេចក្រុមខាងជិះរថយន្តមកដល់តាមក្រោយក៏បានឈ្លោះប្រកែកគ្នាមួយប្រាវរួចក៏បានទាញកាំភ្លើងប្រភេទឡុកបាញ់រះលើក្រុមជនរងគ្រោះតែម្តងទៅ។

សមត្ថកិច្ចបានលើកឡើងថា ករណីបាញ់ប្រហារនេះបានបណ្តាលឲ្យមានយុវជនម្នាក់ ស្លាប់ពេលសង្គ្រោះនៅមន្ទីរពេទ្យ។ ជាមួយនោះមានរងរបួសយុវជនចំនួន ២នាក់ផ្សេងទៀតរស់នៅសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។ ចំណែកឯក្រុមជនបង្ករស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវតាមស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕