សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យចិនតៃវ៉ាន់ម្នាក់ទៅតុលាការ ករណីនាំគ្រឿងញៀនជាង២គីឡូឡើងយន្តហោះ

ភ្នំពេញ៖ផ្នែកជំនាញមន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជូនចិនតៃវ៉ាន់ម្នាក់ទៅតុលាការ ករណីនាំគ្រឿងញៀនទម្ងន់ជាង២គីឡូក្រាមប្រុងឡើងយន្តហោះពីកម្ពុជាទៅក្រុងតៃប៉ិ កោះតៃវ៉ាន់។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក១០ កាលពីថ្ងៃទី៦ ខែធ្នូបានបញ្ជូនចិនតៃវ៉ាន់ម្នាក់ទៅតុលាការភ្នំពេញជាប់ពាក់ព័ន្ធករណីជួញដូរនិងដឹកជញ្ជូននូវសារធាតុញៀនខុសច្បាប់។បុរសចិនតៃវ៉ាន់នោះឈ្មោះ YANG CHIN CHUNG អាយុ៤៦ឆ្នាំ។

សូមរំលឹកថា កាលពីថ្ងៃទី៣ ខែធ្នូ កម្លាំងនគរបាលជាមួយគយប្រចាំអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញច្រកអ្នកដំណើរចេញ បានត្រួតពិនិត្យនិងឆែកឆេរភាពមិនប្រក្រតី។ក្នុងនោះរកឃើញចិនតៃវ៉ាន់ម្នាក់ដឹកជញ្ជូនសារធាតុញៀនខុសច្បាប់ពីកម្ពុជាមានគោលដៅទៅក្រុងតៃប៉ិ កោះតៃវ៉ាន់ ។ជនសង្ស័យលាក់ទុកសារធាតុញៀនប្រភេទហេរ៉ូអ៊ីនចំនួន៨ដុំ ទម្ងន់២៧៩៩,៧៩ក្រាម​ស្មើជិត៣គីឡូ។ជនជាតិចិនរូបនោះបានរុំបិទជាប់នឹងដងខ្លួនតាមរយៈ​ជើងហោះហើរក្រុមហ៊ុន EVAAIR BR0266/03DEC ។ ក្រោយឃាត់ខ្លួនក៏បានប្រគល់មនុស្សនិងវត្ថុតាងឱ្យទៅមន្ទីរប្រឆាំងគ្រឿងញៀន​ដើម្បីបញ្ជូនទៅតុលាការ៕ដោយ៖វិចិត្រ