សន្ដិសុខសង្គម

បង្ក្រាបទីតាំងល្បែងដ៏ធំមួយឃាត់ចិន១២នាក់ និងសម្ភារពាក់ព័ន្ធជាច្រើន

ភ្នំពេញ៖កម្លាំងអាជ្ញាធរខណ្ឌចំការមន បានចុះបង្ក្រាបទីតាំងលេងល្បែងបែបកាស៊ីណូដ៏ធំមួយ ជិតស្ពានអាកាសក្បាលថ្នល់ និងឃាត់ខ្លួនជនជាតិចិន១២នាក់ជាមួយសម្ភារពាក់ព័ន្ធបទល្មើសជាច្រើន។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា ដោយមានបញ្ជាពី​លោក ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ កាលពីរសៀលថ្ងៃទី៧ ខែធ្នូ កម្លាំងអាជ្ញាធរខណ្ឌចំការមន បានចុះបង្រ្កាបនិងបិទទីតាំងដែលលួច​បង្កប់ល្បែងស៊ីសងស្ថិតនៅផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

មន្ត្រីដដែលបានបន្តថា ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន១២នាក់ ប្រុស៦នាក់ ស្រី៦នាក់​និងវត្ថុតាងមួយចំនួនដូចជា-ទូហ្គេមបាញ់ត្រី៤គ្រឿង-ទូហ្កេមតុក្កតា១២គ្រឿង-តុ លេងបៀបាការ៉ាត់២-ទូរសព្ទ១១គ្រឿង-កុំព្យូទ័រលើតុ១គ្រឿង-ម៉ាស៊ីនគិតលេខ១គ្រឿង-ម៉ាស៊ីនរាប់លុយ១គ្រឿងនិងបៀមួយចំនួនធំ។

សមត្ថកិច្ចបានបិទទីតាំងនោះជាបណ្តោះអាសន្ន ហើយបានកសាងសំណុំរឿងនិង​បញ្ជូនបន្តតាម​នីតិវិធី៕ដោយ៖វិចិត្រ