សេដ្ឋកិច្ច

ធនាគារពិភពលោក​៖​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ​២០២២ មាន​កំណើន ៤.៨% និង ៥.២% នៅ​ឆ្នាំ​២០២៣

​ភ្នំពេញ​៖ របាយការណ៍​របស់​ធ​នាគារ​ពិភពលោក (World Bank) ចេញផ្សាយ​នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២២ បាន​បង្ហាញថា សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា កំពុង​ងើបឡើង​វិញ​បានល្អ បន្ទាប់ពី​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​កត្តា​អវិជ្ជមាន​នានា ដែល​កំពុង​កើត​ឡើងលើ​សកលលោក អាច​បង្ក​ហានិភ័យ​ដល់​ទស្សនវិស័យ​វិជ្ជមាន សម្រាប់​កំណើន ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​។​

​ធនាគារពិភពលោក បាន​ព្យាករ​ថាកម្ពុជា​នឹងមាន​កំណើនសេដ្ឋកិច្ច៤.៨​ភាគរយនៅក្នុង​ឆ្នាំ​២០២២ក្នុងនោះការ​ងើប​ឡើងវិញនៃ​សេដ្ឋកិច្ច​ក្រោយ​សម័យ​មាន​ជំងឺ​រាតត្បាត​មាន​សន្ទុះ​កើនឡើង មួយផ្នែក​ដោយសារ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​ចំណែក​ឆ្នាំ​២០២៣​នឹង​កើន​ដល់​៥.២%​។​

​ឧស្សាហកម្ម​កាត់ដេរ ទំនិញ​ធ្វើដំណើរ និង​ការនាំចេញ​ស្បែកជើង​របស់​កម្ពុជា នៅ​រក្សាបាន​ភាពស្វិតស្វាញ​របស់ខ្លួន​។ វិស័យ​សេវាកម្ម ជាពិសេស​ផ្នែក​ធ្វើដំណើរ និង​ទេសចរណ៍ មាន​ដំណើរការ​បានល្អ ក្រោយពេល​រដ្ឋាភិបាល ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ «​រស់នៅ​ជាមួយ​កូ​វីដ​-១៩» នា​ចុងឆ្នាំ​២០២១ ហើយ​ចំនួន​សរុប​នៃ​ការមកដល់​របស់​ភ្ញៀវ​អន្តរជាតិ បាន​កើន​ឡើងជា​លំដាប់ រហូតដល់​ទៅ ១.២​លាន​នាក់ ក្នុង​រយៈពេល​ប្រាំបួន​ខែ​ដំបូង​នៃ​ឆ្នាំ​២០២២​។ ទំនុកចិត្ត​របស់​ធុរកិច្ច និង​អ្នកប្រើប្រាស់​បាន​កើនឡើង អមដោយ​ការកើនឡើង នៃ​ការវិនិយោគ​ក្នុងប្រទេស និង​ពី​ក្រៅប្រទេស​ផងដែរ​។​

​កំណើនសេដ្ឋកិច្ច ត្រូវបាន​ព្យាករ​ថា នឹង​កើន​៥.២​ភាគរយ​នៅ​ឆ្នាំ​២០២៣ ព្រោះថា​កំណើន​នៃ​ការជួល​មនុស្ស​ធ្វើការ នឹង​កាន់តែ​ជួយ​ដល់​ការកើនឡើង នៃ​ការ​ទទួលទាន​ប្រើប្រាស់​ក្នុងស្រុក អមដោយ​ការធ្លាក់ចុះ​នៃ​អតិផរណា​។ទោះជា​យ៉ាងណាក៏ដោយទស្សនវិស័យ​សម្រាប់​​មាន​កំណើន​លឿន​ជាង​នេះ នៅ​ប្រឈមមុខ​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ ដោយសារតែ​ការវិវត្ត​សភាពការណ៍​នៅក្រៅ​ព្រំដែន​របស់​កម្ពុជា​។​

​កម្ពុ​ជាមាន​សេដ្ឋកិច្ច​ទំហំ​តូច ដែល​បើកចំហ​ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ខាងក្រៅនិង​ការវិនិយោគ​ពី​បរទេសហើយ​ទស្សនវិស័យ​កំណើន​​ពិភពលោក នៅមាន​សភាព​អាប់អួរ​។កំណើន​ពាណិជ្ជកម្ម​សកល បាន​ថយចុះ​នៅ​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ​២០២២ ហើយ​ត្រូវបាន​ព្យាករ​ថា នឹង​​​ថយចុះ​យ៉ាងខ្លាំង​នៅ​ឆ្នាំ​២០២៣​។សេដ្ឋកិច្ច​នៃ​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូចជាកម្ពុជា​ងាយ​រងគ្រោះ​ណាស់ជាពិសេស​នៅពេល​អតិ​ផរ​ណា​កើន​, ពិភពលោក​មាន​កំណើន​សេដ្ឋកិច្ច​យឺត​, ការផ្គត់ផ្គង់​ថាមពល​ធ្លាក់ចុះ និង​អត្រា​ការប្រាក់​ឡើងកាន់​តែ​ខ្ពស់​។​

​វិស័យ​ផលិតកម្ម​របស់​កម្ពុជា ពឹង​ផ្អែកលើ​ទីផ្សារ​នាំចេញ​ដើម្បី​រីកចម្រើន ហើយ​វា​នឹងរង​ផលប៉ះពាល់​ជា​អវិជ្ជមាន​ខ្លាំង កាលណា​កំណើន​យឺតៗ កាន់តែ​អូសបន្លាយ​ពេល​នៅក្នុង​ទីផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​ពីរ​របស់ខ្លួន គឺ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​។ ដូចគ្នានេះដែរ ការ​វិនិ​យោគ​និង​លំហូរ​មូលធន​ទំនងជា​នឹង​ថយចុះ ដោយសារ​ការធ្លាក់ចុះ​បន្តិច​ម្តងៗ នូវ​ទុន​ពី​ប្រទេស​ចិន ដែលជា​ប្រភព​នៃ​ការវិនិយោគ​ផ្ទាល់ ពី​បរទេស​ធំ​បំផុត​របស់​កម្ពុជា​មក​ទល់​ពេលនេះ​។​

​លោកស្រី ម៉ា​រៀម ស័​រ​មែន នាយិកា​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា កម្ពុជា និង​ឡាវ បាន​ថ្លែងថា ដើម្បី​ការពារ​សេដ្ឋកិច្ច​​របស់ខ្លួន​ពី​ផល​ប៉ះទង្គិច​ពី​ការធ្លាក់ចុះ នៃ​តម្រូវការ​នៅក្រៅ​ប្រទេស កម្ពុជា​គួរ​ចាត់វិធានការ​ដើម្បី​ពង្រឹង​ជំហរ​សារពើពន្ធ​របស់ខ្លួន និង​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុងស្រុក ជាពិសេស​ឧស្សាហកម្ម​ទេសចរណ៍​ដ៏​ទាក់ទាញ​របស់ខ្លួន​សម្រាប់​ពិភពលោក​។​

​លោកស្រី ស័​រ​មែន បាន​ថ្លែងបន្តថា «​ប្រាក់ចំណូល​បាន​កើនឡើង ដោយសារ​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​ភាពប្រសើរឡើង​នៃ​ផ្នែក​រដ្ឋបាល​។ការពង្រីក​មូលដ្ឋាន​ព​ន្ធ​នឹង​ជួយ​ធានាបាន​នូវ​ធនធាន​ចាំបាច់​សម្រាប់​លើកកម្ពស់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជានិង​សម្រាប់​​ទប់ទល់​សភាពការណ៍​នៅពេល​មានការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ក្នុងចំណោម​ដៃគូ​ពាណិជ្ជកម្ម​ធំៗ​។ វិស័យ​ទេសចរណ៍​និង​បដិសណ្ឋារកិច្ច គឺជា​​ផ្នែក​ដ៏​មាន​សក្ដានុពល​សម្រាប់​កំណើន​ទៅ​ថ្ងៃមុខ​»​។​

​ឆ្ពោះទៅ​អនាគត​វែងឆ្ងាយ សេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវបាន​គេ​រំពឹងថានឹង​បន្ត​ឈានទៅដល់​អត្រាកំណើន​ប្រហែល ៦​ភាគរយ នៅពេលដែល​​ទេសចរណ៍​អន្តរជាតិ និង​ក្នុងស្រុក​បង្កើន​អនុភាព​កាន់តែ​រឹងមាំ​។ ការចូលរួម​របស់​ក​ម្ពុ​ជា នៅក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដែល​បាន​ចុះ​ហត្ថលេខា​កាលពីពេល​ថ្មីៗ​នេះ ក៏​អាច​ជំរុញ​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​កែច្នៃ​កសិផល ឲ្យ​កាន់​តែមាន​សន្ទុះ​ឡើង​ទៀត​ដែរ​។​

​ផ្នែក​ផ្តោត​ពិសេស​នៃ​របាយការណ៍​នេះ បាន​ពិនិត្យមើល​ផលប៉ះពាល់​នៃ​អតិផរណា​ទៅលើ​ភាពក្រីក្រ​។ ផ្នែក​នេះ​រំលេច​ពី​តម្រូវការ ដើម្បី​ការ​ពារ​ជន​ងាយ​រងគ្រោះ​បំផុត ជាមួយគ្នា​នឹង​ការពង្រីក​កម្មវិធី​គាំពារ​សង្គម បណ្តោះអាសន្ន ដែល​បានកំណត់​គោលដៅ​យ៉ាង​ប្រុងប្រយ័ត្ន​។ របាយការណ៍​បច្ចុប្បន​ភាព​សេដ្ឋកិច្ចកម្ពុជា ផ្តោត​សំខាន់​លើ​ការវិវត្ត​នៃ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច ក្នុង​រយៈពេល​ខ្លី និង​មធ្យម ហើយ​ចេញ​ផ្សាយ​ពីរដង​ក្នុង​មួយឆ្នាំ​៕​ដោយៈសិរីមតី