សេដ្ឋកិច្ច

ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ផលិតកម្ម​ឌីជីថល​កម្ពុជា​-​ជប៉ុន

​ភ្នំពេញ​៖រដ្ឋាភិបាល​កម្ពុជា​-​ជប៉ុននៅ​ថ្ងៃទី​៧ខែធ្នូឆ្នាំ​២០២២ បានដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ផលិតកម្ម​ឌីជីថល​កម្ពុជា​-​ជប៉ុន (CJDM) ដែលមាន​ម៉ាស៊ីន​ត្រួតពិនិត្យ​លេខ​កុំព្យូទ័រ (CNC) ចំនួន​៣​គ្រឿង តម្លៃ​ជាង​៤​លាន​ដុល្លារ​អាមេរិក នៅក្នុង​បរិវេណ​សាកលវិទ្យា ល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ។​

​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើការ CJDM ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជ ទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​លោក យក់ ង៉ុ​យ រដ្ឋលេខាធិការ តំណាង​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។​

CJDM នឹង​ក្លាយជា​ថ្នាល​បណ្តុះបណ្តាល​ធនធាន​មនុស្ស​កម្ពុជា សម្រាប់​បម្រើ​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម​៤.០ ដើម្បី​ការរីកចម្រើន​ខាង​វិទ្យាសាស្ត្រ និង​បច្ចេកទេស​របស់​កម្ពុជា​។ CJDM កើតឡើង​បន្ទាប់ពី​ការប្រឹងប្រែង កសាង​ទំនាក់ទំនង​ទ្វេភាគី រវាង​ប្រមុខ​ដឹកនាំ​កម្ពុជា និង​ជប៉ុន​។​

​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​ថ្លែងថា ម៉ាស៊ីន CNC ទំនើបៗ ចំនួន​៣​ប្រភេទ​ផ្សេងគ្នា ដែលមាន​តម្លៃ​ប្រមាណ​៥០០​លាន​យ៉េន ស្មើនឹង​៤​លាន​៥​សែន​ដុល្លារ​អាមេរិក ត្រូវបាន​ផ្តល់ជូន​ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​គម្រោង​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន ក្នុង​គោលបំណង​ប្រើប្រាស់ នៅក្នុង​វគ្គ​បណ្តុះបណ្តាល​ជំនាញ​នៅ RUPP ដែល​នឹង​បណ្តុះបណ្តាល​វិស្វករ ដែលមាន​ជំនាញ​ខ្ពស់​ក្នុង​បរិបទ​នៃ ឧស្សាហកម្ម ៤.០​។​

​បច្ចុប្បន្ននេះ ម៉ាស៊ីន CNC កម្រិត​ខ្ពស់​ចំនួន​៣ រួមមាន LEASERTEC 300 DED hybrid, MDG 85 mono BLOCK និង NLX2500SY បាន​នាំចូល មកកាន់​មជ្ឈមណ្ឌល CJDM ដែលមាន​តម្លៃ​សរុប​ប្រមាណ​៥​លាន​ដុល្លារ​អាមេរិក​។ ក្នុងចំណោម​ម៉ា​ស៉ី​ន​ទាំង​៣​នេះ ម៉ាក LEASERTEC 300 DED hybrid មានតែ ៤​ប៉ុណ្ណោះ​ក្នុង​ពិភពលោក គឺ នៅ​កម្ពុជា ជប៉ុន សហរដ្ឋអាមេរិក និង​អាល្លឺម៉ង​។ ម៉ាស៊ីន​នេះ មាន​សមត្ថភាព​ផលិត​គ្រឿងបន្លាស់ និង​គ្រឿង​បង្គំ​គ្រប់​ប្រភេទ និង​គ្រប់​ទំហំ ពី​សមាសធាតុ​លោហធាតុ​ផ្សេងៗ ដោយ​ប្រើ​បច្ចេកវិទ្យា​ឌីជីថល​៕ដោយ៖ផាវី