សន្ដិសុខសង្គម

ដាក់គុកវៀតណាម២នាក់ធ្វើទារុណកម្ម ប្រើដំបងឆក់លើស្ត្រីជាតិដូចគ្នាយ៉ាងព្រៃផ្សៃ

ភ្នំពេញ៖កម្លាំងនគរបាលបានបញ្ជូនបុរសវៀតណាម២នាក់ដែលធ្វើទារុណកម្មដោយប្រើដំបងឆក់លើស្ត្រីវៀតណាមដូចគ្នាយ៉ាងព្រៃផ្សៃទៅតុលាការ ហើយត្រូវឃុំខ្លួននៅព្រឹកថ្ងៃទី៨ ខែធ្នូនេះ។

លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យ​អ្នកសារព័ត៌មានដឹងកន្លងមកថា ពាក់ព័ន្ធករណីធ្វើទារុណកម្មដោយប្រើដំបងឆក់នេះ សមត្ថកិច្ចបានស្រាវជ្រាវចាប់ជនដៃដល់បានហើយ។ជនសង្ស័យបាននាំជនរងគ្រោះ២នាក់​ពីខេត្តព្រះសីហនុមកធ្វើការនៅភ្នំពេញ។លុះមកដល់ម្តុំទំនប់កប់ស្រូវ ជនរងគ្រោះទាំង២នាក់​បានព្យាយាមរត់គេចខ្លួនពីថៅកែខាងលើ។តែត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួនអ្នករត់នោះ​យកទៅសាកសួរ។

ក្រោយសាកសួរ ទើបបែករឿងអំពើហិង្សានោះឡើង ត្រូវសមត្ថកិច្ចតាមចាប់ជនដៃដល់២នាក់។បន្ទាប់ពីឃាត់ខ្លួនវៀតណាមទាំង២នាក់ពាក់ព័ន្ធបទប្រើដំបងឆក់និងបទរក្សាទុកប្រើគ្រឿងញៀនផ្នែកជំនាញបានបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់។

ចំណែក២នាក់ជាជនរងគ្រោះបានប្រគល់ទៅខាងអន្តោប្រវេសន៍បន្តនីតិវិធីដោយពួកគេគ្មានឯកសារអ្វីទាំងអស់ រង់ចាំសុំគោលការណ៍គ្រោងនឹងបណ្តេញចេញពីកម្ពុជា៕ដោយ៖វិចិត្រ