សន្ដិសុខសង្គម

ចាប់ថៅកែហាងម៉ាស្សានិងស្ត្រី៨នាក់ សង្ស័យបង្កប់សេវាផ្លូវភេទ

ភ្នំពេញ៖កម្លាំងនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសថៅកែនិងជាមេការហាងម៉ាស្សា កោសជប់បង្កប់សេវាកម្មផ្លូវភេទនៅ២ទីតាំងផ្សេងគ្នា និងស្រ្តីបម្រើសេវានេះចំនួន៨នាក់។

មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីយប់ថ្ងៃទី៧ ខែធ្នូ សមត្ថកិច្ចបានឃាត់ខ្លួនថៅកែហាងម៉ាស្សាឈ្មោះ ប៉ក ឧត្តម អាយុ៣៥ឆ្នាំ ជាមួយក្មេងស្រីសង្ស័យអ្នកបម្រើផ្លូវភេទចំនួន៨នាក់។ក្នុងនោះមានអនីតិជន ២នាក់-រកឃើញវត្ថុតាងស្រោមអនាម័យប្រើរួចជាច្រើននិងមិនទាន់ប្រើដោយមានបន្ទប់សម្រាប់រួមភេទចំនួន៣បន្ទប់។

ការឃាត់ខ្លួននេះធ្វើឡើងនៅហាងម៉ាស្សា២ទីតាំងផ្សេងគ្នា។ទី១ហាងយីហោ“កុលាបក្រហម១៦៨” ស្ថិតនៅផ្ទះលេខ៣៣ និងហាងគ្មានយីហោ ផ្ទះលេខ២៨១ ក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល។ ក្រោយមកកម្លាំងបានប្រគល់ក្មេងស្រីទាំង៨នាក់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីអប់រំ។ជំនាញបាននាំខ្លួនថៅកែហាងម៉ាស្សាទៅផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជនកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ