សេដ្ឋកិច្ច

ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត និង ធានារ៉ាប់រង អេ​ទី​កា ចាប់​ដៃគូ​ជាមួយ​អង្គការ វ័ត​ធឺ​អេ​ត កម្ពុជា ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជាជន​ក្នុង​ខេត្តកណ្តាល​

​ភ្នំពេញ​៖​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​និង​ធានារ៉ាប់រង​ទូទៅ អេ​ទី​កា និង​អង្គការ វត​ធឺ​អេ​ត​កម្ពុជា ​បានធ្វើ​ការសហការ​សម្ពោធ​កម្មវិធី​មួយ​ដើម្បី​នាំយក​នូវ​ការផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​២០០ គ្រួសារ​នៅក្នុង​ភូមិ​មួយ​ក្នុង​ខេត្តកណ្ដាល ដែល​ស្ថិត​នៅក្រៅ​ទីក្រុង​ភ្នំពេញ​។ដោយទទួលបាន​ការឧបត្ថម្ភពី​ក្រុមហ៊ុន អេ​ទី​កា និង ចូលរួម​សហការ​អនុវត្ត​ដោយ​អង្គការ វ័ត​ធឺ​អេ​ត ដែលជា​អង្គការក្រៅរដ្ឋាភិបាល​    ​ឈានមុខ​មួយនៅកម្ពុជា កម្មវិធី​ផ្គត់ផ្គង់​ទឹកស្អាត​នេះ​ជា​ផ្នែក​មួយ​នៃ​ការទទួលខុសត្រូវ សាជីវកម្ម​របស់​ក្រុមហ៊ុន អេ​ទី​កា ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ​ដើម្បី​ឆ្ពោះទៅរក​ការរស់នៅ​ប្រកបដោយ​សុខភាព​ល្អ​។​

​ការដាក់​ដំណើរការ​នេះ​ត្រូវ​បានផ្ដល់​កិត្តិយស​ផ្តួចផ្តើម​ដោយ​លោក Dato’ Johan Ariffin អគ្គនាយកនៃក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត   អេ​ទី​កាកម្ពុជា លោក Datuk.R Karunakaran អគ្គនាយក​ក្រុមហ៊ុន អេ​ទី​កា​អន្តរជាតិ (Etiqa International Holding Sdn. Bhd.) លោក ហ៊​ង វុទ្ធី អគ្គនាយក​ក្រុមហ៊ុន ធានារ៉ាប់រង​អាយុជីវិត អេ​ទី​កា ប្រចាំ​នៅ​កម្ពុជា និង លោក ឆា​ត់ សុភាព នាយក​ប្រចាំ​ប្រទេស​អង្គការវត​ធឺ​អេ​ត ប្រចាំ​នៅ​កម្ពុជា​។​

​ការទទួលបាន​ទឹក​ប្រើប្រាស់​និង​អនាម័យ​ពិតជា​មាន​សារៈសំខាន់​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​ព្រមទាំង​ជា​សសរស្ដម្ភ​សំខាន់​មួយ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ ផងដែរ​។ នៅក្នុង​ប្រទេស​កម្ពុជា មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​៤​នាក់​ពុំមាន​ទឹកស្អាត​ប្រើប្រាស់​។ ទោះបីជា​កម្ពុជា​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​ជាងគេ​មួយ​នៅក្នុង​បណ្តា​ប្រទេស​នៃ​តំបន់​អាស៊ី លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​សមរម្យ​មួយ សម្រាប់​ទឹកស្អាត​នៅតែ​ជា​ឧបសគ្គ​។ ចំពោះ​ប្រជាជន​ដែល​រស់នៅក្នុង​ខេត្តកណ្ដាល ការទទួលបាន ទឹកស្អាត​ប្រើប្រាស់​គឺជា​បញ្ហា​ប្រឈម​ដ៏​ចម្បង​មួយ ជាពិសេស​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម ដង​ទន្លេ សហគមន៍​បណ្ដែត​ទឹក និង​ទីជនបទ​នានា​។ ខេត្តកណ្តាល​ជា​ខេត្ត​មួយ​ដែល​នៅជាប់​ទន្លេធំៗ ពីរ​គឺ ទន្លេបាសាក់ និង ទន្លេមេគង្គ​។ ដោយសារតែ​ការអប់រំ និង​ហិរញ្ញវត្ថុ​នៅមានកម្រិត ការប្រើប្រាស់ ទឹក​ដោយផ្ទាល់​ពី​ទន្លេ​គឺជា​ជម្រើស​តែមួយគត់​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​។ ជាមួយ​គ្ន នេះដែរ បញ្ហា​ប្រឈម​នៃ​ទឹកជំនន់​នៅក្នុង​ខេត្ត​បានធ្វើឱ្យ​ការផ្គត់ផ្គង់​ទឹកស្អាត​កាន់តែ​ស្មុគ​ស្មាញ​ផង​ដែរ​។​

​គម្រោង​ទឹកស្អាត ដែល​ទទួលបាន​ការចូល​រួមសហការ​ពី​អង្គការ វត​ធឺ​អេ​ត នេះ​នឹង​ជួយ​ពង្រឹង​ការ​ផ្គត់ ផ្គង់​ទឹកស្អាត​ដល់​ក្រុម​ដែល​ងាយ​រងគ្រោះ​នៅក្នុង​តំបន់​។ គម្រោង​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​រក្សា នូវ​និរន្តរភាព​រយៈពេល​យូរ ជាមួយគ្នានេះដែរ នៅពេលដែល​គម្រោង​នឹងត្រូវ​បញ្ចប់​នៅក្នុង​ខែធ្នូ ឆ្នាំ ២០២៣ អ្នកទទួលផល​ទាំងអស់​នឹង​ទទួលបាន​ការតភ្ជាប់​ប​ណ្តា​ញ​ទឹកស្អាត និង​ប្រើប្រាស់​ទឹកស្អាត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​។​

​លោក Dato Johan បាន​លើកឡើងថា​៖ “ នៅក្នុង​ក្រុមហ៊ុន អេ​ទី​កា ពួកយើង​ជឿជាក់​ទៅ​ទស្សនៈ​នៃ សេវាកម្ម​ធានារ៉ាប់រង​តាមបែប​មនុស្សនិយម​។ យើង​នៅ​ទៅនេះ​ដើម្បី​ជួយ​ប្រជាជន និង ធ្វើតាម​ការ សន្យា​របស់​យើង​។ ទាំងនេះ​ត្រូវបាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​តាមរយៈ​ការធ្វើ​អាជីវកម្ម ដែល​ជះឥទ្ធិពល វិជ្ជមាន​ទៅដល់​សហគមន៍​។​“​យើង​ពិត​ជាមាន​មោទនភាព​ក្នុងការ​ចាប់ដៃ​គូរ​សហ​ការ​ជាមួយ​អង្គការ វត​ធឺ​អេ​ត កម្ពុជា ក្នុងការ​ផ្តួច ផ្តើម​នូវ​គម្រោង​ទឹកស្អាត​នេះ​ឡើង​ដើម្បី​បង្កើត​ការផ្លាស់ប្តូរ​ទៅដល់​សហគមន៍​ក្នុងប្រទេស​កម្ពុជា​។ ភាពជា​ដៃគូរ​រយៈពេល ១ ឆ្នាំ ក្នុងការ​ផ្គត់​ផ្គង​ទឹកស្អាត​ដល់​ប្រជាជន​ក្នុង​ខេត្តកណ្តាល​នេះ គឺ​បង្ហាញ​ពី ការប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត អេ​ទី​កា ឆ្ពោះទៅរក​បុព្វហេតុ​មួយ​ដែល​យើង​អាចធ្វើឱ្យមាន​ផល​ជះ​យ៉ាង​វិជ្ជមាន​ទៅដល់​សហគមន៍​។ការប្តេជ្ញា​មួយ​នេះ​គឺ​ស្រប​ទៅតាម​គោលបំណង“​ធ្វើ ឱ្យ​ពិភព​លោ​ក្លាយជា​កន្លែង​ដ៏​ល្អប្រសើរ​”របស់​ក្រុមហ៊ុន​យើង ដែល​ស្តែង​ឱ្យឃើញ​តាមរយៈ​ពង្រឹង ជីវភាព​​ប្រជាជន និង ការលើកស្ទួយ​សង្គម សេដ្ឋកិច្ច​របស់​សហគម​ន៍​ក្រីក្រ​នៅ​ទូទាំងប្រទេស​។​”

​លោក ឆា​ត់ សុភាព នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ វ័ត​ធឺ​អេ​ត ប្រចាំ​នៅ​កម្ពុ​ចា បាន​មានប្រសាសន៍ ថា​៖ “​ទឹក និង អនាម័យ គឺជា​រឿង​សាមញ្ញ ប៉ុន្តែ​វា​ពិតជា​សំខាន់​ណាស់​ក្នុងការ​ជួយសង្គ្រោះ​ជីវិត ពីព្រោះ​កង្វះ​អនាម័យ​អាច​សម្លាប់​ប្រជាជន និង​អាចជា​អន្ទាក់​នៃ​ភាពក្រីក្រ​ផងដែរ​។ប្រសិនបើ​មិន មានលទ្ធភាព​ទទួលបាន​អនាម័យ និង​ទឹកស្អាត ប្រជាជន​អាច​ប្រឈម​នឹង​ហានិភ័យ​សុខភាព ជា ពិសេស​កុមារ​ និង​ជន​ដែលមាន​ពិការភាព​។ វា​ក៏​ធ្វើឱ្យ​ផលិតភាព​សេដ្ឋកិច្ច​របស់​ពួកគេ​ធ្លាក់ចុះ​ផងដែរ​។​”

​ពិភពលោក​បាន​សន្យាថា​មនុ​ស្សគ្រប់រូប​នឹង​ទទួលបាន​ទឹកស្អាត​ដែល​ប្រកបដោយ​សុវត្ថិភាព​នៅត្រឹម ឆ្នាំ ២០២៣ ហើយ​កម្ពុជា​ក៏បាន​ប្ដេជ្ញាចិត្ត​សម្រេច​នូវ​គោលដៅ​នេះ​ផងដែរ​។ បើទោះបីជា​កម្ពុ​ជាមាន ការរីកចម្រើន​ខ្លាំង​លើ​វិស័យ​ទឹកស្អាត និង អនាម័យ​ក៏ដោយ ក៏​យើង​មិនអាច​ខ្ជះខ្ជាយ​ពេលវេលា​នោះដែរ​។យើង​ត្រូវ​រួមគ្នា​ព​ន្លឿ​ននិងដោះស្រាយ​បញ្ហា​ជា​យុទ្ធសាស្ត្រដើម្បី​ធានាថាគ្រប់គ្នាមាន​សិទ្ធិទទួល​បាន​ទឹកស្អាត និង អនាម័យ និង​មិន​ទុក​នរណាម្នាក់​ចោល​។​”

លោក​បាន​បន្ថែម​“ ពួកយើង​ត្រូវ​ការឱ្យ​រាជរដ្ឋាភិបាល ម្ចាស់ជំនួយ និង វិស័យ​ឯកជន​ទាំងអស់​ធ្វើការ​រួមគ្នា និង បង្កើន ការវិនិយោគ​របស់​ខ្លួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​។វា​មិនមាន​ការខាតបង់​នោះទេ​ចំពោះ​ការវិនិយោគ​ទៅលើ​វិស័យ​ទឹកស្អាតនិងអនាម័យព្រោះ​វា​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺក៏ដូចជា​បង្កើន​សុខុមាលភាពនិងផលិតភាព​របស់​ប្រជាជនរួមទាំង​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​ផងដែរ​៕​ដោយៈផាវី