សេដ្ឋកិច្ច

ក្រសួងកសិកម្ម លើកទឹកចិត្ត​ដល់​បណ្តា​ក្រុមហ៊ុន​ដែលមាន​បំណង​ចង់​ផលិត ឬ​នាំចូល​ជី​កសិកម្ម​មានគុណ​ភាព និង​មានតម្លៃ​សមរម្យ​មក​ចែកចាយ​នៅ​កម្ពុជា​

​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២២​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​ប្រកាស​បន្ត​ស្វាគមន៍ និង​លើកទឹកចិត្ត ដល់​បណ្តា​ក្រុមហ៊ុន​នានា ដែលមាន​បំណង​ចង់​ផលិត ឬ​នាំចូល​ជី​កសិកម្ម​។​

​សេចក្ដីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា«​ដើម្បី​បន្ត​អនុវត្តនិង​ជំរុញ​គោលនយោបាយ​កាត់បន្ថយ​ថ្លៃដើម​នៃ​ការផលិតនិង​បង្កើន​ប្រាក់ ចំណេញ​សម្រាប់​ប្រជាកសិករ ក្រសួង​បន្ត​ស្វាគមន៍ និង​លើកទឹកចិត្ត​ដល់​បណ្តា​ក្រុមហ៊ុន​នានា ដែលមាន​បំណង​ចង់​ផលិត ឬ​នាំចូល​ជី​កសិកម្ម ប្រកបដោយ​គុណភាព​ត្រឹមត្រូវ​តាម​ស្តង់ដារ​និង​មានតម្លៃ​សមរម្យ​មក​ចែកចាយ​ក្នុងប្រទេស​កម្ពុជា ឲ្យ​មក​ដាក់ពាក្យ​ស្នើសុំ នៅ​ក្រសួងកសិកម្ម​»​។​

​ក្រសួង​នឹងសិក្សា​វាយតម្លៃ ស្របតាម​នីតិវិធី​នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម និង​ចេញ​លិខិតអនុញ្ញាត​ជូន​ក្នុង​រយៈ ពេល​ឆាប់​បំផុត ក្រោយ​ធានាបាន​ថា​ជី​កសិកម្ម​ដែល​ស្នើសុំ​ផលិត ឬ​នាំចូល​មានគុណ​ភាពត្រឹមត្រូវ​តាម​ស្តង់ដារ​ពិតប្រាកដ​មែន​។​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សង្ឃឹម​យ៉ាង​មុតមាំ​ថា​នឹងមាន​ក្រុមហ៊ុន​ជាច្រើន​ចូលរួម​គាំទ្រ​អនុវត្ត​ការងារ​នេះ ដើម្បី​កាត់បន្ថយ​ការ ចំណាយ​របស់​ប្រជាកសិករ​៕ដោយ ៖សិរីមតី