សន្ដិសុខសង្គម

ក្មេង៨នាក់ប្រើកាំបិតដេញកាប់គ្នា របួស៤នាក់ រត់គេចខ្លួន៤នាក់

ប៉ៃលិន៖កម្លាំងនគរបាលខេត្តប៉ៃលិន ចាប់បាន៤នាក់ពេលមានរបួស ខណៈក្មេងទំនើង២ក្រុម​មានគ្នា៨នាក់ ប្រើកាំបិតដេញកាប់គ្នា ហើយ៤នាក់ទៀតបានរត់គេចខ្លួន។

មន្ត្រីនគរបាលខេត្តបានឱ្យដឹងថា ករណីហិង្សាបង្កពីទំនាស់ពាក្យសម្ដីបន្តិចបន្តួចរហូត​មានរបួសស្នាមនោះ ដោយក្រុមក្មេងទំនើងកាប់គ្នាទៅវិញទៅមកនៅម្តុំដីឡូត៍មួយ ក្នុងភូមិទួលល្វា សង្កាត់ទួលល្វា ខេត្តប៉ៃលិន កាលពីយប់ថ្ងៃទី៧ ខែធ្នូ ។

ក្រុមក្មេងប្រុសទំនើង២ក្រុមមានគ្នាចំនួន៨នាក់ម្ខាង៤នាក់-ឈ្មោះសុខ ចាន់តារា-ឈ្មោះសាក់ ភារ៉ា-ឈ្មោះសាក់សំរិត-ឈ្មោះវ៉ាន់ទុំ-ឈ្មោះភ័ក្រ-ឈ្មោះផាន់ទី-ឈ្មោះហេង-និងឈ្មោះរក្សា។ពួកគេមានអាយុពី១៨ដល់៣១ឆ្នាំ នៅសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

បន្ទាប់ពីធ្វើសកម្មភាពដេញកាប់គ្នារួច កម្លាំងនគរបាលខេត្តនិងនគរបាលក្រុងបានចុះឃាត់ខ្លួន​បាន៤នាក់ក្នុងនោះម្នាក់ៗរងរបួសធ្ងន់ដឹកយកទៅមន្ទីរពេទ្យ។ចំណែក៤នាក់ទៀតបានជិះម៉ូតូ​គេចខ្លួនបាត់អស់។បច្ចុប្បន្នកម្លាំងជំនាញបានតាមចាប់ក្រុមទំនើង៤នាក់ដែលរត់គេចខ្លួននោះ​យកមកអនុវត្តតាមច្បាប់៕ដោយ៖វិចិត្រ