កីឡា

Son សុំ​អភ័យទោស បន្ទាប់​ពីក្រុម​កូរ៉េ មិន​អាច​បន្ត​ដំណើរ នៅ World Cup ទៀត

កីឡាករ Son Heung-min កាល​ពី​ថ្ងៃ​អង្គារ បានធ្វើ​ការ​សុំទោស បន្ទាប់ពីក្រុមជម្រើស​ជាតិកូរ៉េខាងត្បូង (កូរ៉េ) របស់គេ បានធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup ក្នុងវគ្គ ១៦ក្រុមចុងក្រោយ នៅប្រទេសកាតា ដោយ​រង​បរាជ័យយ៉ាងដំណំ ៤-១ ក្រោម​ថ្វីជើង​របស់​ក្រុមប្រេស៊ីល ។

ប្រធានក្រុម និងកីឡាករ​ឆ្នើមផ្សេង​ទៀត​​ ហាក់​គ្មាន​ថាម​ពល​ទាល់តែសោះ​ ខណៈក្រុម​ប្រេស៊ីលស៊ុតបញ្ចូលទីបានដល់​ទៅ​ ៤​គ្រាប់ ក្នុងវគ្គទី១ ក្នុង​ការ​ប្រកួត​ កាលពីថ្ងៃចន្ទ មុនពេលកីឡាករ Paik Seung-ho រកបាន ១គ្រាប់លួងចិត្តវិញ នៅនាទីទី៧៦ សម្រាប់កីឡាករកូរ៉េ ដែលចាញ់​ប្រៀប​ទាំង​ស្រុង។ ក្រុមកូរ៉េ ​នៅតែ​មិន​ធ្លាប់​បាន​​ឈ្នះ​ការ​ប្រកួត​ ក្នុង​វគ្គ​ចាញ់​ធ្លាក់ នៅ World Cup ​ក្រៅ​ទឹក​ដី​​របស់​ខ្លួន​នោះឡើយ​។

ខ្សែប្រយុទ្ធវ័យ ៣០​ឆ្នាំរបស់ក្រុម Tottenham ដែលបានលេងដោយ​មាន​របាំងការ​ពារមុខ នៅប្រទេសកាតានេះ បន្ទាប់ពីទទួលការវះកាត់ផ្ទៃ​មុខ កាលពីខែមុន បាននិយាយថា៖ «ខ្ញុំអាចត្រឹម​តែ​និយាយ​សុំទោសអ្នកគាំទ្ររបស់យើង ចំពោះការសម្រេច​មិន​បាន​ដូច​ការ​រំពឹង​ទុករបស់ពួកគេ»។

រូប​គេ​បានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍ថា៖ «យើងបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ​ ប៉ុន្តែខ្ញុំគិតថា យើងកំពុងតែលេងហ្គេម​ដ៏លំបាកមួយ។ យ៉ាង​ណា​ក្ដី វា​មិន​មាន​ការ​សង្ស័យ​នោះ​ទេថា កីឡាករទាំងអស់ បានប្រឹង​ប្រយុទ្ធដោយមោទនភាព លះបង់ និងប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឱ្យ​បាន​មក​ដល់​ចំណុច​នេះ។ កីឡាករ និងបុគ្គលិកពិតជាបានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីត្រៀម​ខ្លួន សម្រាប់​ការប្រកួតនេះ ដូច្នេះខ្ញុំសង្ឃឹមថា អ្នកទាំង​អស់គ្នាយល់»។

គ្រូបង្វឹករបស់​ក្រុមកូរ៉េខាងត្បូង លោក Paulo Bento បានប្រកាសភ្លាមៗ បន្ទាប់ពីការ​រងបរាជ័យយ៉ាងដំណំនេះ​ថា គាត់នឹងមិនបន្តស្នាក់​នៅ​ទៀត​ទេ ដោយ​គាត់ប្រាប់​ថា នេះ​ជាការ​សម្រេចចិត្ត ត្រូវបានធ្វើឡើង តាំង​ពីខែកញ្ញា។ អតីត​កីឡាកររបស់​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​វ័យ ​៥៣​ឆ្នាំរូប​នេះ ​បាន​ចូលមក​កាន់​តំណែង​ ក្នុង​​ឆ្នាំ​២០១៨៕