កីឡា

Ramos មិន​ធ្លាប់​ស្រមៃធ្វើ​បាន​​ហ៊ែតទ្រិក នៅ World Cup ខណៈព័រទុយហ្គាល់ លត់ស្វីស ៦-១

កីឡាករ Goncalo Ramos បាននិយាយថា រូប​គេ​មិនធ្លាប់សូម្បី​តែ​ស្រមៃដល់​ការ​បាន​បង្ហាញ​ខ្លួនជម្រើស​ដំបូង ក្នុង​ការប្រកួតវគ្គ​ចាញ់​ធ្លាក់ នៅ​ឯ​ព្រឹត្តិការណ៍​ World Cup នោះទេ កុំ​ថា​ឡើយ​ដល់ទៅ​​ការ​ធ្វើ​បាន​ហ៊ែតទ្រិក (ស៊ុត ៣គ្រាប់) ពី​ការ​បាន​លេង​ជម្រើស​ដំបូងរបស់ខ្លួន ក្នុងការប្រកួត ដែល​ឃើញ​ថា ក្រុម​ព័រ​ទុយហ្គាល់លត់​ក្រុម​ស្វីស​ដល់​ទៅ ៦-១។

ខ្សែ​ប្រយុទ្ធ​វ័យ ២១ឆ្នាំ​ ត្រូវ​បាន​ផ្តល់​ឱកាស​ឱ្យ​លេង ក្នុង​ជម្រើស ១១នាក់​ដំបូង​​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មុន​​កីឡាករ Cristiano Ronaldo ដែល​ជា​ម្ចាស់​ជយលាភី​​ពានរង្វនា់ Ballon d’Or ៥ សម័យកាល ហើយ​បាន​ផ្តល់​ការ​តប​ស្នង​​ដល់​គ្រូ​បង្វឹក លោក Fernando Santos ជាមួយ​នឹង​ការ​បង្ហាញ​នូវ​ទម្រង់​លេង​ ដែល​នាំ​ឱ្យ​មាន​ជ័យ​ជម្នះយ៉ាង​ត្រចះ​ត្រចង់។

កីឡាករ Ramos បាននិយាយថា៖ «សូម្បីតែនៅក្នុងសុបិនដ៏ធំ​បំផុត​របស់ខ្ញុំ ក៏​ខ្ញុំមិនគិតពីការបាន​ចូល​លេង​ជម្រើស​ដំបូង​ ក្នុងវគ្គ​ចាញ់​ធ្លាក់ នៅ World Cup និងការ​ស៊ុតបញ្ចូលទីបាន ៣គ្រាប់​នោះ​ឡើយ។ ប៉ុន្តែយើងត្រូវតែគិតពី ១ហ្គេម ទៅ ១ហ្គេម ហើយត្រៀម​ខ្លួន សម្រាប់ការប្រកួតបន្ទាប់ (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមម៉ារ៉ុក)។ លទ្ធផលពេល​នេះ មិនសំខាន់ទេ។ យើងនឹងប្រឹង​ប្រែង​ឱ្យ​អស់​ពី​លទ្ធភាព​ នៅ​ការប្រកួតបន្ទាប់»។

កីឡាករ Ramos មានអាយុត្រឹមតែ ២ឆ្នាំប៉ុណ្ណោះ នៅពេលដែលកីឡាករ​ Ronaldo បានបង្ហាញខ្លួន​ជាលើកដំបូង សម្រាប់ក្រុម​ជម្រើស​ជាតិព័រទុយហ្គាល់ ហើយជារឿយៗ រូប​គេ​តែង​បាននិយាយកោត​សរសើរ ចំពោះកីឡាករវ័យ ៣៧​ឆ្នាំ។

កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត នៅ​កីឡដ្ឋាន Lusail ត្រូវបានសួរថា តើបន្ទប់ផ្លាស់សម្លៀកបំពាក់ និង​​កីឡាករ Ronaldo មានប្រតិកម្មយ៉ាងណា ចំពោះការជ្រើសរើសក្រុមដ៏គួរ​ឱ្យ​ភ្ញាក់ផ្អើលពី លោក Santos។

«និយាយដោយស្មោះត្រង់ គ្មាននរណាម្នាក់ ក្នុងក្រុម និយាយពីរឿង​នេះទេ។ កីឡាករ Cristiano (Ronaldo) ក្នុងនាមជាប្រធានក្រុម គាត់​បានធ្វើអ្វី ដែលគាត់ត្រូវ​ធ្វើ គាត់បានជួយ គាត់បាននិយាយ​ជាមួយយើង មិនត្រឹមតែខ្ញុំផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែចំពោះ​មិត្តរួមក្រុមរបស់ខ្ញុំទាំង​អស់»។ នេះ​ជាការ​ឆ្លើយតប​របស់​កីឡាករ​ Ramos៕