សេដ្ឋកិច្ច

១០​ខែ ឆ្នាំ​២០២២ ការប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា កើនឡើង​ជិត6000%

​ភ្នំពេញ​៖ លោក ពៅ ម៉ាលី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា​៖​កំណើន​ចំនួន​យានយន្ត​អគ្គិសនី ដែល​បាន​ចុះបញ្ជី​គិត​ត្រឹម​ខែតុលា ឆ្នាំ​២០២២ មាន​ចំនួន​សរុប ៦២៥​គ្រឿង កើន​ប្រហែល ៥ ៥៨២% ប្រៀបធៀប​ទៅ​ឆ្នាំ​២០២១​។

រាជរដ្ឋាភិបាល​បាន​យល់ព្រម​ជាគោលការណ៍​ឱ្យ​ក្រសួង​សាធារណការនិង​ដឹកជញ្ជូន បង្កើត​និង​ដឹកនាំ​ក្រុមការងារ​អន្តរក្រសួងដើម្បី​តាក់ តែង​លិខិតបទដ្ឋាន​គតិយុត្ត គោលនយោបាយ និង​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​គ្រប់គ្រង និង​អភិវឌ្ឍន៍​យានយន្ត​អគ្គិសនី​នៅក្នុង​កម្ពុជា​។​

​លោក ពៅ ម៉ាលី បាន​ថ្លែង​ដូច្នេះ នា​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២២​នេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី​ការប្រមូល​ធាតុ​ចូល​លើ​សេចក្តីព្រាង​គោលនយោបាយ​អភិវឌ្ឍន៍​យានយន្ត​អគ្គិសនី ដោយមាន​ការ ចូលរួម​ពី​ក្រុមការងារ​អន្តរក្រសួង​ចំនួន​៩​ស្ថាប័ន តំណាង​អភិបាល​នៃ​គណៈ អភិបាល​២៥​រាជធានី​-​ខេត្ត ដៃគូ​អភិវឌ្ឍ​រួមមាន​៖ អង្គការ​UNDP ធនាគារពិភពលោក អង្គការ UNESCAP អង្គការ​GIZ​និង​វិស័យ ឯកជន​ដូចជា​៖ Car4you, Onion Mobility, Very Words, Total Energy ។​

​លោក ពៅ ម៉ាលី បានឱ្យដឹង​ទៀតថា ថ្មីៗ​នេះ​ក្រសួង​បាន​នឹង​កំពុង​រៀបចំ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី​ការដឹកជញ្ជូន ផែនទី​ចង្អុល​ផ្លូវ​បណ្តាញ​ស្ថានីយ​បញ្ចូល​ថាមពល យានយន្ត​អគ្គិសនី ដែល​ក្នុងនោះ​រួមមាន ការលើកទឹកចិត្ត​អ្នកប្រើប្រាស់​យានយន្ត​អគ្គិសនី ការ​ចងក្រង​ឯកសារ​គតិយុត្ត​ដើម្បី​គាំទ្រ​ការកំណត់​យក​បទដ្ឋាន​បច្ចេកទេស ការរៀបចំ​ផែនទី​បង្ហាញផ្លូវ​ក្នុងការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​នានា ការលើកទឹកចិត្ត​ឱ្យ​មានការ​បង្គុំ​ដំឡើង និង​ផលិត​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា​ជាដើម​។​

​សូម​ជម្រាបជូន​ថា​៖ កម្មវិធី​សិក្ខាសាលា​នេះ​បានរួម​បញ្ចូល​វគ្គ​ពិភាក្សា​លើ​ការផ្តល់​ធាតុ​ចូល​សំខាន់ៗ ដើម្បី​រៀបចំ​គោលនយោបាយ​យាន យន្ត​អគ្គិសនី​សម្រាប់​កម្ពុជា ចង្វាក់​តម្លៃ​យានយន្ត​អគ្គិសនី វិធានការណ៍​អនុវត្ត​គោលនយោបាយ​យានយន្ត​អគ្គិសនី និង​ការឆ្លើយ​កម្រង​សំណួរ​។ជា​លទ្ធផលអង្គសិក្ខាសាលា​បាន​ចូលរួម​ពិភាក្សា​ផ្លាស់ប្តូរ​គំនិត​យោបល់​យ៉ាង​ផុសផុលសំដៅ​ជំរុញ​ឱ្យ​ការរៀបចំ​ចងក្រង​សេចក្តី ព្រាង​គោលនយោបាយ​នេះ​មាន​ប្រសិទ្ធភាព ប្រសិទ្ធ​ផល សុក្រឹតភាពនិង​និរន្តរភាព​ក្នុង​គោលដៅ​លើកកម្ពស់​ការប្រើប្រាស់​យា​ន​យន្ត​អគ្គិ សនី​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​៕​ដោយៈផាវី