អន្តរជាតិ

អ៊ុយក្រែនប្រាប់ថា រុស្ស៊ីមិនទាន់អស់ស្តុកអាវុធទេ អាចបាញ់ទ្រង់ទ្រាយធំបានច្រើនលើកទៀត

ប្រមុខចារកម្មយោធាអ៊ុយក្រែនបានអះអាងថា រុស្ស៊ីឥឡូវនេះមិនទាន់អស់ស្តុកអាវុធទេ ពួកគេនៅមានសល់គ្រប់គ្រាន់សម្រាប់ការវាយប្រហារទ្រង់ទ្រាយធំច្រើនលើកទៅមុខទៀត។

លោក Kyrylo Budanov ដែលជាប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិរបស់អ៊ុយក្រែន​បានជម្រាបយ៉ាងដូច្នេះនៅសប្តាហ៍នេះ ដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន RIA។  ប្រមុខចារកម្មរូបនេះបានកត់សម្គាល់ វាយតម្លៃថា រុស្ស៊ីមានកាំជ្រួចដែលមានភាពជាក់លាក់ខ្ពស់​គ្រប់គ្រាន់​ដើម្បីធ្វើការវាយលុកតាមអាកាសធំៗជាច្រើនទៀតលើអ៊ុយក្រែន មុនពេលដែលអស់ស្តុក ខណៈរឿងអស់ស្តុកមិនទាន់អាចកំណត់ដឹងបានពេលណានោះទេ។

ទោះជាយ៉ាងណា លោកបានបន្ថែមថា ភាគហ៊ុនអាវុធរបស់រុស្ស៊ីត្រូវបានបញ្ចប់ហើយ ដែលមានន័យថា គង់តែនឹងអស់ពីស្តុកនោះទេ។

គួរដឹងថា ការវាយប្រហាររបស់រុស្ស៊ីនីមួយៗ បានធ្វើឲ្យអ៊ុយក្រែនរងគ្រោះយ៉ាងធ្ងន់ធ្ងរ។ ការបាញ់ប្រហារថ្ងៃចន្ទសប្តាហ៍នេះ អ៊ុយក្រែនបាននិយាយថា រុស្ស៊ីប្រើមីស៊ីលជាង ៧០គ្រាប់ ធ្វើឲ្យមនុស្សយ៉ាងហោចណាស់មនុស្ស ៤ នាក់បានស្លាប់ ទោះជាប្រហែល៦០គ្រាប់​ត្រូវបានស្ទាក់ចាប់កម្ទេចហើយក៏ដោយ៕

ប្រភព៖ ​ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា