សន្ដិសុខសង្គម

អាវុធហត្ថខេត្តចំនួន២សហការចាប់រថយន្តដឹកឈើខុសច្បាប់និងដុតកម្ទេចចោល

ក្រចេះ៖កម្លាំងអាវុធហត្ថខេត្តចំនួន២ ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដុតកម្ទេចចោលរថយន្តដឹកឈើខុសច្បាប់ចំនួន២គ្រឿងដែលចាប់បាននាពេលកន្លងទៅ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្ត២គ្រឿងដឹកឈើខុសច្បាប់នោះ ជារបស់ឈ្មួញប្រចាំខេត្តក្រចេះ​ប៉ែកខាងលិចទន្លេមេគង្គ ត្រូវបានកម្លាំងអាវុធហត្ថខេត្តក្រចេះនិងខេត្តកំពង់ចាមសហការ​បង្ក្រាបកាលពីអំឡុងខែវិច្ឆិកាកន្លងទៅ និងយកមកដុតកម្ទេចចោលនៅថ្ងៃទី៦ ខែធ្នូឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា កម្លាំងអាវុធហត្ថស្រុកព្រែកប្រសព្វខេត្តក្រចេះ សហការជាមួយអាវុធហត្ថស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានចាប់រថយន្តដឹកឈើអារចម្រុះខុសច្បាប់ចំនួន២គ្រឿងនៅម្តុំភូមិឈើទើរ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។រថយន្តដឹកបទល្មើសម៉ាកសាំងយ៉ុងគ្មានផ្លាកលេខ ដឹកឈើអារលេខ២​និងរថយន្តម៉ាកសាំងដែរគ្មានផ្លាកលេខ ដឹកឈើអារលេខ២ចម្រុះ។ពេលចាប់រថយន្តនោះ តៃកុងនិងអ្នក​ពាក់ព័ន្ធបានរត់គេចខ្លួនបាត់អស់៕ដោយ៖វីរ