អន្តរជាតិ

វិមានក្រឹមឡាំង៖ ការចរចាសន្តិភាពអាចកើតឡើង លុះត្រាប្រតិបត្តិការយោធាពិសេសបញ្ចប់

ក្រោយអ៊ុយក្រែនបានដាក់លក្ខខណ្ឌឲ្យរុស្ស៊ីដកទ័ពចេញពីទឹកដីសម្រាប់ដំណោះស្រាយចរចា រុស្ស៊ីបានអះអាងយ៉ាងដាច់ណាត់ថា ខ្លួននឹងមិនដកឡើយ ពោលនឹងបន្តប្រតិបត្តិការយោធាពិសេស​ឲ្យចប់សព្វគ្រប់ជាមុនសិន។

នេះដោយយោងតាមការចុះផ្សាយដោយសារព័ត៌មានអាល់ចាហ្សេរ៉ា ដែលបានពាំនាំដំណឹង​ចុងក្រោយពីខាងវិមានក្រឹមឡាំងកាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២២។ វិមានក្រឹមឡាំងនិយាយថា ខ្លួនយល់ស្របនឹងការលើកឡើងរបស់សហរដ្ឋអាម៉េរិកអំពីតម្រូវការសម្រាប់សន្តិភាពយូរអង្វែងនៅអ៊ុយក្រែន យល់ស្របដូចគ្នានឹងការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Antony Blinken ដែលបាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទថា “ជម្លោះអ៊ុយក្រែននឹងបញ្ចប់លុះត្រាតែ​មានទំនាក់ទំនងការទូត និងការចរចា មានការទទួលយក ឬលះបង់ពីភាគីម្ខាង”។

ក៏ប៉ុន្តែ​ រុស្ស៊ីនឹងមិនធ្វើតាមការលើកឡើងរបស់អ៊ុយក្រែនដែលឲ្យខ្លួនដកទ័ពចេញនោះទេ។ “ពិតណាស់ លទ្ធផលគួរតែជាសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង ដោយភាគីម្ខាងអាចយល់ស្របនឹងរឿងនេះ។ ប៉ុន្តែ​ចំពោះ​ទស្សនវិស័យ​ យើង​មិន​ឃើញ​មាន​អ្វីដូចការលើកឡើងនោះទេ”។ “ដូច្នេះដើម្បីឱ្យកិច្ចពិភាក្សា​កើតឡើងជាមួយដៃគូទៅដោយរលូន និងមានប្រសិទ្ធភាពទាំងសងខាង រុស្ស៊ីត្រូវតែបំពេញគោលដៅនៃ “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួនជាមុនសិន៕

ប្រភព៖ ​REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា