សន្ដិសុខសង្គម

ផ្តន្ទាទោសប្តីដាក់គុកមួយជីវិតករណីសម្លាប់ រួចកាត់ក្បាលប្រពន្ធ

ភ្នំពេញ៖តុលាការភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែធ្នូនេះ បានជំនុំជម្រះសម្រេចប្រកាសសាលក្រមផ្តន្ទាទោស​ប្តីដាក់គុកមួយជីវិតករណីសម្លាប់ រួចកាត់ក្បាលប្រពន្ធច្រកចូលបាវព្រោះរឿងប្រចណ្ឌ។

សមត្ថកិច្ចបានឱ្យដឹងថា ជនជាប់ចោទឈ្មោះ ភួង រដ្ឋា អាយុ២៧ឆ្នាំ ជាប្តី មានស្រុកកំណើតភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ដាក់ពន្ធនាគារអស់មួយជីវិតពីបទឃាតកម្មដោយអំពើឃោរឃៅ តាមមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ។ចំណែកប្រពន្ធដែលស្លាប់ឈ្មោះលី ស្រីនុច អាយុ២៣ ឆ្នាំ មានស្រុកកំណើតនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

សូមបញ្ជាក់ថា ជនជាប់ចោទត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅផ្លូវជាតិលេខ៥ ខណ្ឌព្រែកព្នៅ បន្ទាប់ពីសម្លាប់រួចកាត់ក្បាលប្រពន្ធនៅក្នុងបន្ទប់ជួល សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ស្ត្រីរងគ្រោះត្រូវប្តីកាត់ក្បាលច្រកចូលបាវរួចយកទៅបោះចោល​នៅកន្លែងចំណតម៉ូតូដែលផ្តើមចេញពីរឿងប្រចណ្ឌ៕ដោយ៖វិចិត្រ