សន្ដិសុខសង្គម

បង្ក្រាបកន្លែងជនជាតិចិនបើកលេងល្បែងស៊ីសង

ភ្នំពេញ៖សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានបង្ក្រាបទីតាំងរបស់ជនជាតិចិនដែលបើក​លេងល្បែងស៊ីសងខុសច្បាប់ និងដកហូតសម្ភារពាក់ព័ន្ធបទល្មើសមួយចំនួន។

មន្ត្រីចុះអនុវត្តបានឱ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងរបស់ជនជាតិចិនមួយកន្លែងនិងដកហូតសម្ភារពាក់ព័ន្ធបទល្មើសមួយចំនួន​នៅម្តុំហាងយីហោ​ ជិង​សៀកឡាយ​ ភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។

មុនបង្ក្រាប​ ពលរដ្ឋបានរាយការណ៍ដោយសម្ងាត់ថា​ ទីតាំងខាងលើត្រូវបានជនជាតិចិនជួល​សម្រាប់បើកកាស៊ីណូលេងល្បែងស៊ីសងជាច្រើនប្រភេទនិងមានភ្ញៀវជាជនជាតិចិនដូចគ្នាចូលលេងជារៀងរាល់ថ្ងៃ។បន្ទាប់មកកម្លាំងបានចុះពិនិត្យជាក់ស្តែង ឃើញទីតាំងខាងលើបាន បើកល្បែងស៊ីសងខុសច្បាប់ពិតប្រាកដមែន។តែពេលកម្លាំងចុះប្រតិបត្តិការមិនមានជន​ប្រព្រឹត្តបទល្មើសនៅទីនោះទេ

សមត្ថកិច្ចបង្ក្រាបនិងដកហូតសម្ភារមួយចំនួន ហើយបានបិទ​ទីតាំងខាងលើជាបណ្តោះអាសន្ន៕ដោយ៖វិចិត្រ