សន្ដិសុខសង្គម

នាំជនសង្ស័យ៣នាក់កាប់ចាក់គូទំនាស់ឱ្យរបួសធ្ងន់ទៅតុលាការ

កណ្តាល៖កម្លាំងនគរបាលបានចាប់ក្មេងទំនើងជាសមាជិកក្រុមDLចំនួន៣នាក់ចំណោម១២នាក់ ក្រោយវាយកាប់ចាក់គូជម្លោះ២នាក់ឱ្យរងរបួសធ្ងន់ និងនាំខ្លួនទៅតុលាការ។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ជនសង្ស័ យ៣នាក់ចំណោម១២នាក់ជាសមាជិកក្មេងទំនើង ដោយក្រុមរបស់គេមានរហស្សនាមDL។ពួកគេត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៥ ធ្នូ បន្ទាប់ពីព្រួតគ្នាវាយកាប់ចាក់លើគូជម្លោះ​២នាក់ឱ្យរងរបួសធ្ងន់។

ជនសង្ស័យឈ្មោះឃី កុលវឌ្ឍន អាយុ១៥ឆ្នាំ ឈ្មោះយិន លីហួរ អាយុ១៨ឆ្នាំ និងឈ្មោះ សាំង សុឌីន អាយុ១៦ឆ្នាំ។ទាំង៣នាក់ជាកម្មកររោងចក្រ ស្នាក់នៅភូមិពងទឹក ស្រុកអង្គស្នួល ខេត្តកណ្តាល។ចំណែកជនរងគ្រោះ២នាក់ឈ្មោះ ខាន់ ចំរើន អាយុ១៩ឆ្នាំ និងឈ្មោះ ចាន់ ចន្ថា អាយុ២៣ឆ្នាំ ជាកម្មករ ស្នាក់នៅភូមិស្វាយជ្រុំ ឃុំបែកចាន។

ក្រោយចាប់ខ្លួន ជនសង្ស័យបានសារភាពថា “ពួកគេមានគ្នា១២នាក់ រហស្សនាមថា DL គឺបានវាយ​និងកាប់ចាក់លើជនរងគ្រោះពិតប្រាកដមែនដើម្បីសងសឹកគំនុំចាស់និងកាត់សាញកុំឱ្យស្ត្រេសពេក”។ជនសង្ស័យទាំង៣នាក់ត្រូវបានបញ្ជូនទៅតុលាការហើយបន្តស្រាវជ្រាវចាប់បក្ខពួកបន្ថែមទៀត៕ដោយ៖វិចិត្រ