សេដ្ឋកិច្ច

ធនាគារ​SME Bank​ផ្តល់​ឥណទាន​ ៤២៣​លាន​ដុល្លារដល់ សហគ្រាស​ធុន​តូច និង​មធ្យម ជាង ៣០០០​សហគ្រាស​

​ភ្នំពេញ​៖ គិត​ត្រឹម​ដំណាច់​ខែតុលា ឆ្នាំ​២០២២ ធនាគារ SME របស់​រាជរដ្ឋាភិបាល បាន​បញ្ចេញ​ឥណទាន​ប្រមាណ ៤២៣​លាន​ដុល្លារ​អាមេរិក ទៅដល់​សហគ្រាស​ធុន​តូច និង​មធ្យម ចំនួន ៣ ១៦៥ តាមរយៈ​គម្រោង​ចំនួន​បី​របស់​ធនាគារ SME ដើម្បី​ជួយ​ស្តារ​អាជីវកម្ម រក្សា​លំនឹង និង​ពង្រីក​អាជីវកម្ម បន្ទាប់ពី​សហគ្រាស​មួយចំនួន​រង​ផល​ប៉ះ​ពី​ជំងឺ​កូ​វីដ​១៩ ។​នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក​បណ្ឌិត លឹម អូន អគ្គនាយក​ធនាគារ​ស​ហ​គ្រាស​ធុន​តូច និង​មធ្យម (SME Bank)​។​

​បណ្ឌិត លឹម អូន ថ្លែង​បែបនេះនៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​«​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​សមិទ្ធផល​នៃ​ការអនុវត្ត​គម្រោង​ស​ហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច​និង​មធ្យម និង​ពិធី​ប្រគល់​លិខិត​ថ្លែងអំណរគុណ​ជូន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម នា​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២២​នេះ នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់​។​

លោក​បាន​ឱ្យដឹងទៀតថា​៖ គម្រោង​ទាំង​៣​ដែល រួមមាន គម្រោង​ស​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច​និង​មធ្យម​ដំណាក់កាល​ទី​១ និង​ដំណាក់កាល​ទី​២ និង​គម្រោង​សហ​ហិរញ្ញប្បទាន​ស្តារ និង​ជំរុញ​កំណើន​ក្នុង​វិស័យ​ទេសចរណ៍ បាន​បញ្ចេញ​ឥណទាន​ជូន​ដល់ SME ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​៣៦៩​លាន​ដុល្លារ​អាមេរិក ដែល​ផ្តល់​តាមរយៈ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូល​រូ​ម​ចំនួន​៤៣​គ្រឹះស្ថាន ខណៈ​ធនាគារ SME ផ្ទាល់​បាន​បញ្ចេញ​ឥណទាន​ដោយផ្ទាល់​ទៅ សហគ្រាស ក្នុង​ទំហំ​ទឹកប្រាក់ ៤៤​លាន​ដុល្លារ​អាមេរិក ។​ចំណែក​១០​លាន​ដុល្លារ​ទៀត ត្រូវបាន​បញ្ចេញ​ឥណទាន​ទៅដល់ SME តាមរយៈ MDIs ជា​ដៃគូ​ចំនួន​៤​គ្រឹះស្ថាន​។​

​លោក​បណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ SME បាន​ថ្លែងថា ៖​គម្រោង​​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម ទាំងពីរ​ដំណាក់កាល​បាន​ចូលរួម​ជួយ​ដល់​ការបន្ធូរបន្ថយ​ផលប៉ះពាល់​របស់​សហគ្រាស​ធន​តូច និង​មធ្យម​បាន​យ៉ាងច្រើន ពោលគឺ​ជួយ​គាំទ្រ​ឱ្យ​សហគ្រាស​អាច​នៅ​បន្ត​លំនឹង​អាជីវកម្ម​របស់ខ្លួន ក្នុងពេល​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​។ ជាពិសេស​ហិរញ្ញប្បទាន ដែល​សហគ្រាស​ទទួលបាន​ក្នុងដំណាក់កាល​ពី​ទី​២ មិន​ត្រឹមតែ​បាន​ជួយ​កែលម្អ និង​រក្សា​លំនឹង​អាជីវកម្ម​ឡើងវិញ​បន្ទាប់ពី​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ និង​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ចូលរួមចំណែក​ជួយ​ដល់​សហគ្រាស​ដែលមាន​សក្តានុពលរ​ក្នុងការ​ពង្រីក​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​ចំណូល​ពី​ការលក់ និង​ការបង្កើត​ការងារ​ថ្មី​ជាច្រើន​កន្លែង​ផងដែរ​។​

​លោក សុខ វឿន ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ថ្លែងថា «​ក្នុងនាម​ជា​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា រួម​ជា​សមាជិក ខ្ញុំ​មាន​មោទនភាព និង​កិត្តិយស​ក្រៃលែង​ដែល​អាច​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​នេះ ក្នុង​គោលបំណង​ផ្តល់​ឥណទាន​ដែលមាន​អត្រា​ការប្រាក់​ទាប ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ស្តារ ចាប់ផ្តើម និង​ពង្រីក​អាជីវកម្មរ​របស់ខ្លួន​»​។​

 

​គម្រោង​ស​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច​និង​មធ្យម​ដំណាក់កាល​ទី​១ ត្រូវបាន​ដាក់ឱ្យអនុវត្ត កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០ ក្នុង​ទំហំ​ហិរញ្ញប្បទាន​សរុប​ចំនួន ១០០​លាន​ដុល្លារ ក្នុងនោះ​មូលនិធិ​របស់​រដ្ឋ​មាន​ចំនូ​ន​៥០​លាន​ដុល្លារ និង​ថវិកាបដិភាគ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​ចំនួន​៥០​លាន​ដុល្លារ​។ វិស័យ​អទិភាព​ដែល​ទទួលបាន​ឥណទាន​នេះ រួមមាន វិស័យ​ផលិតកម្ម និង​ការកែច្នៃ​ម្ហូបអាហារ វិស័យ​កម្ម​សាល​ដែល​ផលិត​ទំនិញប្រើប្រាស់​ក្នុងស្រុក និង​ការកែច្នៃ​ផ្សេងៗ និង​វិស័យ​ព័ត៌មាន​វិ​ទ្តា និង​ទូរគមនាគមន៍​ជាដើម​។ គម្រោង​ដំណាក់កាល​ទី​១ បានផ្តល់​ឥណទាន​ដល់​សហ​គ្រា​សរុប​ចំនួន ៧៥៣​។​

​គម្រោង​ស​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច​និង​មធ្យម​ដំណាក់កាល​ទី​២បានដាក់​ដំណើរការ​កាលពី​ខែសីហា ឆ្នាំ​២០២១ ក្នុង​ទំហំ​​ហិរញ្ញប្បទាន​ចំនួន ២៤០​លាន​ដុល្លារ ក្នុងនោះ​មូលនិធិ​របស់​រដ្ឋ​មាន​ចំនួន​១២០ លាន​ដុល្លារ និង​ថវិកាបដិភាគ​របស់រ​បស់​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ចូលរួម​មាន​ចំនួន​១២០​លាន​ដុល្លារ​។ គម្រោង​នេះ​បានបញ្ចប់​ហើយ​កាលពី​ខែកញ្ញា ឆ្នាំ​២០២៣ ដោយ​សហគ្រាស​ចំនួន​១៩៩២ ទទួល​បាន​ឥណទាន​ពី​គម្រោង​នេះ​។​

​រីឯ​គម្រោង​សហ​ហិរញ្ញប្បទាន ស្តារ​វិស័យ​ទេសចរណ៍ ត្រូវបាន​ដាក់ឱ្យអនុវត្ត​កាលពី​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២ ក្នុង​ទំហំ​ថវិកា​សរុប​ចំនួន ១៥០ លាន​ដុល្លារ​អាមេរិក ដែល​បានមកពី​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល ចំនួន ៧៥ លាន​ដុល្លារ​អាមេរិក និង​ថវិកាបដិភាគ​របស់​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម (PFIs) ចំនួន ៧៥ លាន​ដុល្លារ​អាមេរិក​៕​ដោយៈសិរីមតី