កីឡា

Livakovic បន្ត​ប្រពៃណី​របស់​ក្រូអាស៊ី ដោយ​កា្លយ​ជា​វីរបុរស ក្នុង​វគ្គ​ប៉េណាល់ទី

អ្នក​ចាំទី Dominik Livakovic បាននិយាយថា រូប​គេ​កំពុងបន្តរក្សា​ប្រពៃណីរបស់ក្រូអាស៊ី បន្ទាប់ពីភាព​ជាវីរបុរស​របស់រូប​គេ ក្នុង​វគ្គនៃ​ការស៊ុតបាល់ប៉េណាល់ទីកាត់​ក្ដីទល់​នឹង​ក្រុម​ជប៉ុន កាលពីថ្ងៃចន្ទ ធ្វើឱ្យក្រុម​ជម្រើស​ជាតិ​របស់គេ បាន​ឆ្លង​ទៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃ​ព្រឹត្តិការណ៍ World Cup។

អ្នកចាំទី Livakovic បានសង្គ្រោះបាល់​ចំនួន ៣គ្រាប់ ដែល​ស៊ុត​ដោយ​កីឡាករ​របស់​ក្រុមជប៉ុន បន្ទាប់ពី​ការ​ប្រកួត​ទាំងក្នុង​​ម៉ោងធម្មតា និង​ម៉ោង​បន្ថែម​ពិសេស​​ស្មើគ្នា ១-១ ខណៈ​ដែលលទ្ធផល​បរាជ័យ ៣-១ ក្នុង​វគ្គ​ប៉េណាល់​ទីកាត់​ក្ដី​នេះ បាន​បញ្ចប់ដំណើរផ្សងព្រេងរបស់ក្រុមសាម៉ូរ៉ៃជប៉ុន ក្នុងប្រទេសកាតា ហើយ​ក្រុម​ក្រូអាស៊ី ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​ប្រេស៊ីល ក្នុង​វគ្គ ៨ក្រុម​ចុងក្រោយ។

ក្រុម​ក្រូអាស៊ីបានឈ្នះការស៊ុតបាល់ប៉េណាល់ទីកាត់​ក្ដី​នេះចំនួន ២ដង អំឡុងការ​ធ្វើ​ដំណើររបស់​ពួក​គេ រហូត​វគ្គផ្តាច់ព្រ័ត្រ កាល​ពី​ឆ្នាំ២០១៨ ហើយសម្រេច​បាន​ម្តងទៀត សម្រាប់​ការ​ប្រកួត​ប្រជែង ក្នុង​កីឡដ្ឋាន Al Janoub នា​ប្រទេស​កាតា ឆ្នាំ​២០២២ នេះ។

កីឡាករ​ Livakovic បានប្រាប់អ្នក​សារ​ព័ត៌មានថា៖ «ខ្ញុំបានបន្តប្រពៃណីពី​អ្នកធ្វើ​តួនាទី​នេះ​មុនខ្ញុំ (អ្នក​ចាំទី Danijel Subasic)។ ខ្ញុំ​គិត​ថា វា​ជា​សភាវគតិ​ជាង​ការ​វិភាគ​ណាមួយ​ ចំពោះ​អ្នក​ទាត់​ ដែលយើង​ត្រូវ​ប្រឈម​​មុខជាមួយ​។​ ខ្ញុំ​មិន​គិត​ថា​ នោះ​ជា​ការ​ទាត់​បាល់​ពិន័យ​ដ៏ពិបាក​ ក្នុង​ការ​សង្គ្រោះ​នោះ​ទេ វា​មិន​មែន​ជា​ការទាត់បាល់​​ពិន័យ​ដ៏​ល្អ​ឥត​ខ្ចោះ​នោះ​ឡើយ»។

រូប​គេ​បានបន្ថែមថា៖ «​សូម​អរ​ព្រះ​គុណដល់​​ព្រះ​ជា​ម្ចាស់​ សម្រាប់​លទ្ធផល​នោះ​។ វាជាអារម្មណ៍ដ៏អស្ចារ្យណាស់​។ អរគុណព្រះជាម្ចាស់ ដែលបានបញ្ចប់ដោយល្អ។ នេះគឺជាពេលវេលាដ៏គួរឱ្យពេញ​ចិត្ត​បំផុត ក្នុងអាជីពរបស់ខ្ញុំ»។

ជាមួយ​គ្នានេះ គ្រូបង្វឹករបស់​ក្រុម​ជប៉ុន លោ Hajime Moriyasu ក៏​បានពោល​សរសើរកីឡាករ Livakovic ដែរ សម្រាប់ការបង្ហាញនូវ​ទម្រង់លេង​របស់គេ ដោយលោក​ផ្តោតលើការសង្គ្រោះបាល់យ៉ាង​អស្ចារ្យ ជាជាងសម្លឹង​ដល់​ការស៊ុតបាល់ប៉េណាល់ទីមិន​សូវល្អ ដែលធ្វើឡើងដោយកីឡាករ Takumi Minamino, Kaoru Mitoma និង Maya Yoshida។

លោក Moriyasu បានប្រាប់​ថា៖ «ខ្ញុំមិនគិតថា យើងចុះញ៉ម​ជាមួយ​នឹងសម្ពាធនោះទេ ខ្ញុំគិតថាអ្នកចាំទី គឺ​អស្ចារ្យណាស់។ កីឡាកររបស់ជប៉ុនលេង ១២០នាទី ដោយ​ក្លៀវក្លា​បំផុត ហើយកីឡាករ ដែលទទួល​ភារៈទាត់បាល់ប៉េណាល់​ទី​នោះ ក៏មានភាពក្លាហានផងដែរ»៕