កីឡា

FIFA ស៊ើប​អង្កេត​ហេតុការណ៍ អំឡុង​ហ្គេម​របស់​ស៊ែប៊ី នៅ World Cup

FIFA (សហព័ន្ធបាល់ទាត់អន្តរជាតិ) បានឱ្យ​ដឹង កាលពីថ្ងៃចន្ទថា ស្ថាប័នបានបើកដំណើរការនីតិវិធីផ្នែក​វិន័យប្រឆាំងនឹងសហព័ន្ធបាល់ទាត់ស៊ែប៊ី បន្ទាប់ពីក្រុមជម្រើស​ជាតិ​មួយ​នេះ គ្រប់​គ្រង​​អារម្មណ៍​មិន​បាន រហូត​មាន​ជម្លោះ​ជាមួយ​ក្រុម​ស្វីស អំឡុង​ការប្រកួត ក្នុង​ព្រឹត្តិការណ៍ World Cup។

ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក​មួយ​នេះ បាននិយាយថា ខ្លួនកំពុងពិនិត្យ​មើល​ដល់​ការបំពានមួយ​ចំនួនដល់​បទបញ្ញត្តិរបស់​ស្ថាប័ន ក្នុង​នោះ​មាន​រួមទាំងការប្រព្រឹត្តអាកប្បកិរិយា​មិន​សមរម្យរបស់កីឡាករ និងមន្ត្រី ហើយ​និងការរើសអើងជា​ដើម​។

FIFA បាន​និយាយ​សំដៅ​ទៅ​ដល់​ហេតុការណ៍ អំឡុង​​ការ​ប្រកួត​វគ្គ​ចែក​ពូល ឬវគ្គ​សន្សំពិន្ទុក្នុង​ពូល ដោយ​មិន​បាន​និយាយ​ថា នោះ​​ជា​អ្វីឡើយ​។ អ្នកគាំទ្រ ក្នុង​ហ្គេម កាលពីថ្ងៃសុក្រ នាប្រទេសកាតា ដែលក្រុម​ស្វីសមាន​ជ័យជម្នះ ៣-២ ដើម្បីបាន​ឡើង​ទៅវគ្គ​បន្ត​នោះ ត្រូវបានប្រាប់ឱ្យបញ្ឈប់ការស្រែកច្រៀង និងធ្វើ​កាយវិការរើសអើងគ្រប់​យ៉ាង​។

ភ្លាមៗនោះ គេមិនច្បាស់​ទេ​ថា តើអ្វីជាមូលហេតុនៃការប្រកាសនោះទេ ប៉ុន្តែវាត្រូវ​បានធ្វើឡើងបន្ទាប់ពីការប្រឈមមុខគ្នា រវាងប្រធានក្រុមស្វីសកីឡាករ Granit Xhaka និងកីឡាកររបស់ក្រុមស៊ែប៊ី។ ចំណុចកើតបញ្ហា នៅវគ្គទី២ បានពាក់​ព័ន្ធ​នឹង​ខ្សែប្រយុទ្ធ Breel Embolo របស់​ក្រុម​ស្វីស និងកីឡាករបម្រុងរបស់​ក្រុម​ស៊ែប៊ីបានរត់ចូលទីលាន នៅឯកីឡដ្ឋាន 974 ដើម្បីមក​ប្រកែកតវ៉ា​ជជាមួយកីឡាករស្វីស មុនពេលដែលអាជ្ញាកណ្តាល អាច​គ្រប់គ្រងស្ថានការណ៍បាន​។

សម្រាប់​កីឡាករ Xhaka រូប​គេ​មក​ពី​គ្រួសារ​មួយ ​ដែល​មាន​ដើម​កំណើត​នៅ​ប្រទេស​កូសូវ៉ូ ជា​អតីត​ខេត្តរបស់​​ស៊ែប៊ី ដែល​មាន​ប្រជាជន​ភាគ​ច្រើន​ជា​ជនជាតិ​អាល់បានី។ នៅ​មុន​នេះ ក្រុមស៊ែប៊ីត្រូវបាន FIFA ស៊ើបអង្កេតរួចហើយ បន្ទាប់ពីក្រុមនេះបានព្យួរទង់ជាតិដ៏ចម្រូងចម្រាស ក្នុងបន្ទប់ផ្លាស់ប្តូររបស់ពួកគេ មុនពេលពួកគេចាញ់ប្រេស៊ីល នៅ​កាតា។

សហព័ន្ធកីឡាបាល់ទាត់កូសូវ៉ូ បានដាក់ពាក្យបណ្តឹងទៅ FIFA បន្ទាប់ពីរូបថតជាច្រើន បាន​បង្ហាញពីរចនាប័ទ្មនៃទង់ជាតិរបស់​ស៊ែប៊ី ជាមួយនឹងផែនទី ដែលពណ៌នាកូសូវ៉ូថា ជាផ្នែកមួយនៃប្រទេស និងរួមបញ្ចូលពាក្យស្លោក «នឹងគ្មានការចុះញ៉ម​ជាដាច់ខាត»៕