កីឡា

Bento ចុះ​ចេញ​ពី​តំណែងគ្រូបង្វឹក​កូរ៉េ ក្រោយ​ធ្លាក់ពី World Cup

លោក Paulo Bento បានប្រកាសថា គាត់នឹងមិនបន្តធ្វើជាគ្រូបង្វឹករបស់​ក្រុម​ជម្រើស​ជាតិ​កូរ៉េខាងត្បូង (កូរ៉េ) ទៀត​ទេ បន្ទាប់ពីក្រុម​យក្ស​របស់អាស៊ី​មួយ​នេះ បានធ្លាក់​ចេញ​ពី​ការប្រកួតប្រជែង ក្នុង​ព្រឹត្តិការណ៍ World Cup ជាមួយនឹងបរាជ័យ ៤-១ ក្រោម​ស្នាដៃរបស់ក្រុមប្រេស៊ីល កាលពីថ្ងៃចន្ទ។

អតីតគ្រូបង្វឹកក្រុម​ព័រទុយហ្គាល់វ័យ ៥៣ឆ្នាំរូបនេះ បាននិយាយបន្ទាប់ពីប្រកួត​ចាញ់ ក្នុង​វគ្គ ១៦ក្រុម​ចុង​ក្រោយថា៖ «ឥឡូវនេះ ខ្ញុំត្រូវគិតពីអនាគត ប៉ុន្តែខ្ញុំនឹងមិនបន្ត​នៅជាមួយក្រុមកូរ៉េទៀត​ទេ។ ខ្ញុំ​ទើប​តែបាន​​ប្រាប់​កីឡាករ និង​ប្រធាន​សហព័ន្ធ​បាល់​ទាត់​ជាតិ»។

«នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត ​ដែល​ខ្ញុំ​បាន​ធ្វើ ​កាល​ពី​ខែ​កញ្ញា។ វា​ត្រូវ​បាន​កំណត់​យ៉ាង​ច្បាស់​លាស់ ហើយ​ថ្ងៃ​នេះ ​ខ្ញុំ​​បញ្ជាក់​វាម្ដង​ទៀត​​។ ខ្ញុំ​ត្រូវតែ​​អរគុណ​ពួក​គេ (កីឡាករ) ហើយ​មាន​មោទនភាព​យ៉ាង​ខ្លាំង ​ដែល​បាន​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​របស់​ពួក​គេ»។ លោក​ Bento បាន​បន្ថែម​។

លោក Bento បានចូលកាន់មក​តំណែង បន្ទាប់ពីការប្រកួត World Cup 2018 ដោយបន្តពីលោក Shin Tae-yong។ នៅប្រទេសកាតា លោកបានដឹកនាំក្រុមកូរ៉េខាងត្បូងឱ្យ​ឡើង​ផុត​ពី​វគ្គចែកពូលជាលើកដំបូង គិត​ចាប់តាំងពីឆ្នាំ២០១០ ជាមួយនឹងជ័យជម្នះដង្ហើម​​​ចុងក្រោយលើក្រុមព័រទុយហ្គាល់ សម្រាប់​ការប្រកួតចុងក្រោយ ក្នុងពូលរបស់ពួកគេ។

យ៉ាង​ណា​ក៏ដោយ ពួកគេត្រូវតាម​ពីក្រោយ​ក្រុមប្រេស៊ីលដល់​ទៅ ៤គ្រាប់ តាំង​ពី​វគ្គ​ទី ១ ក្នុង​ហ្គេម កាល​ពី​យប់​ថ្ងៃ​ចន្ទនោះ​ មុននឹង​អាច​តប​ត​បាន​ ១គ្រាប់​វិញ ក្នុង​វគ្គទី២ សម្រាប់​ការ​ប្រកួត ក្នុងកីឡដ្ឋាន 974 នា​ទីក្រុង​ដូហា​នេះ។

តែលោក​ Bento ដែលបានធ្វើ​ជា​អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​នៃ​ប្រទេសកំណើតរបស់ខ្លួន នៅឯព្រឹត្តិការណ៍​ដ៏​ធំ​នេះ ក្នុង​ឆ្នាំ២០១៤ នាប្រទេសប្រេស៊ីល បានប្រាប់​ថា៖ «ខ្ញុំជឿថា យើងអាចមានមោទនភាពយ៉ាងខ្លាំង ចំពោះអ្វីដែលយើងសម្រេច​បាន នៅ World Cup នេះ និងអ្វីដែលយើងបានធ្វើ ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ដើម្បីបាន​ធ្វើ​ដំណើរ​មកទីនេះ»៕