សេដ្ឋកិច្ច

ADB អនុម័ត​ប្រាក់កម្ចី​៥០​លាន​ដុល្លារ​ជួយ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចកម្ពុជា​ជំរុញ​សមត្ថភាព​ប្រកួតប្រជែង​

​​ភ្នំពេញ​៖​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​នៅ​ថ្ងៃទី​៦​ខែធ្នូ​នេះ បានអនុម័ត​ប្រាក់កម្ចី​ផ្អែកលើ​គោលនយោបាយ​ចំនួន ៥0 លាន​ដុល្លារ ក្រោម​អនុ​កម្មវិធី​ទី ១​នៃ​កម្មវិធី​ពាណិជ្ជកម្ម និង​សមត្ថភាព​ប្រកួតប្រជែង ដើម្បី​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​និង​ជំរុញ​សមត្ថភាព​ប្រកួតប្រជែង​ជា​សកល​របស់​ប្រទេស​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ពត៌មានរ​បស់​ADB នៅ​ព្រឹក​ថ្ងៃទី​៦​ខែធ្នូ​។​

​កម្មវិធី​នេះ​នឹង​គាំទ្រ​ដល់​ការស្តារ​សេដ្ឋកិច្ច​ក្រោយ​កូ​វីដ​១៩​របស់​កម្ពុជា​តាមរយៈ​ការជួយ​ដល់​កំណែទម្រង់​របស់​រា​ជ​រដ្ឋាភិបាល ដើម្បី​បង្កើន​ការវិនិយោគនិង​បរិយាកាស​ធុរកិច្ច​​ជំរុញ​កំណើន​សហគ្រាស​ខ្នាតតូច​និង​មធ្យម (MSMEs)និង​កែលម្អ​គោលនយោបាយ​ពាណិជ្ជកម្ម​និង ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​។​

សេដ្ឋវិទូ​ជាន់ខ្ពស់​របស់ ADB លោក Sion L. Morton មានប្រសាសន៍ថា «​ជំងឺ​រាតត្បាត​កូ​វីដ​១៩​បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ចកម្ពុជា ដូចជា​វិស័យ​កាត់ដេរផលិត​ស្បែកជើង​និង​វាយ​ន​ភណ្ឌក៏ដូចជា​វិស័យ​ទេសចរណ៍និង​សំណង់​។​កំណែទម្រង់​ ក្រោម​កម្មវិធី​នេះ​នឹង​ជួយ​ដល់​គោលដៅ​ស្តារឡើងវិញ​ក្រោយ​ជំងឺ​រាតត្បាត​របស់​កម្ពុជា​ដោយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អាជីវកម្ម​រីកចម្រើន និង​ឈានទៅរក​ផ្នែក​តម្លៃបន្ថែម​កាន់តែ​ខ្ពស់​និង​សម្រប​ខ្លួន​ទៅនឹង​ទិដ្ឋភាព​ពាណិជ្ជកម្ម​ដែល​កំពុង​ផ្លាស់ប្តូរ​។​»

​សេចក្តីប្រកាស​ពត៌មាន​ដដែល​នេះ បាន​បង្ហាញថា​៖​កម្មវិធី​ពាណិជ្ជកម្ម និង​សមត្ថភាព​ប្រកួតប្រជែង​នឹង​ជួយ​កែលម្អ​បរិយាកាស​ធុរកិច្ច​ទាំងមូល​សម្រាប់​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​បរទេស​។​ទាក់ទង​នឹង​អនុ​កម្មវិធី​ដំបូង​នេះ រាជរដ្ឋាភិបាល​បានអនុម័ត​ច្បាប់​វិនិយោគ​ថ្មី​ដើម្បី​ផ្តល់​កិច្ចការពារ​ផ្លូវច្បាប់​សម្រាប់​អ្នកវិនិយោគ រួម​ទាំ​អ្នកវិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​និង​បានធ្វើឱ្យ​ប្រសើរឡើង​នូវ​ផ​តថល​អាជីវកម្ម​តាម​អ៊ីនធឺណិត​ដើម្បី​អាចឱ្យ​ការចេញ​អាជ្ញាប័ណ្ណ​អាជីវកម្ម​ឌីជីថល​ឯកទេស​បាន​ទាន់ពេលវេលា​។​

​កម្មវិធី​នេះ​គាំទ្រ​ដល់​ការអភិវឌ្ឍន៍ និង​ការធ្វើ​ពិពិធ​កម្ម MSMEs​ធ្វើឱ្យ​ប្រសើរឡើង​នូវ​លទ្ធភាព​ទទួលបាន​ហិរញ្ញវត្ថុ និង​ការបង្កើត​ទីផ្សារ​ថ្មី​សម្រាប់​ពួកគេ​។​វា​រួមបញ្ចូល​ទាំង​ការសម្រួល​និយមន័យ​ផ្លូវច្បាប់​នៃ​សហគ្រាស​ធុន​តូច និង​មធ្យម​និង​ដាក់ចេញ​កញ្ចប់​ជំនួយ​ដែល​ផ្តល់​មូលនិធិ​ដោយ​រាជរដ្ឋាភិបាល​ដើម្បី​ផ្តល់ជំនួយ​និង​ជំនួយ​បច្ចេកទេស​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅក្នុង​ឧស្សាហកកម្មអាទិភាព ​ដែលមាន​ការចូលរួម​ពី​ស្ត្រី​ច្រើន​។​

​កម្មវិធី​នេះ​ក៏​នឹង​ជួយ​កម្ពុជា​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់​និង​ពង្រឹង​ការងារ​សម្របសម្រួល​ពាណិជ្ជ​កម្ម​​ដើម្បី​ផ្តល់ឱកាស​កាន់តែច្រើន​ស​ម្រា​ប់​ធុរកិច្ច​កម្ពុជា​ក្នុងការ​នាំចេញ​ទំនិញ​របស់​ពួកគាត់​។ ទាក់ទង​នឹង​កំណែទម្រង់​ក្រោម​អនុ​កម្មវិធី​ទី​១​នេះ រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាធិកា​រ​ជាតិ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​និង​អនុម័ត​ផែនទី​បង្ហាញផ្លូវ​ថ្នាក់ជាតិ​ស្តីពី​ការសម្រួល​​ពាណិជ្ជកម្ម​៕ដោយៈ សិរីមតី