អន្តរជាតិ

អ៊ុយក្រែនថានឹងគ្មានអគ្គិសនីប្រើទ្រង់ទ្រាយធំ នៅទីក្រុងកៀវ ក្រោយត្រូវរុស្ស៊ីវាយប្រហារថ្មី

រដ្ឋាភិបាលអ៊ុយក្រែនបានជូនដំណឹងពីការដាច់អគ្គិសនីទ្រង់ទ្រាយធំជាថ្មីនៅប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីត្រូវរុស្ស៊ីវាយប្រហារដោយមីស៊ីលជាង៧០គ្រាប់កាលពីថ្ងៃចន្ទសប្តាហ៍នេះ។

យោងតាមកាសែតជាតិអ៊ុយក្រែន Pravda បានឲ្យដឹងថា ការជូនដំណឹងត្រូវបានធ្វើឡើង​នៅថ្ងៃអង្គារនេះដោយលោក Oleksii Kuleba ប្រធានរដ្ឋបាលយោធាប្រចាំទីក្រុងកៀវ។ Kuleba បានពន្យល់ថា Ukrenergo ដែលជាប្រតិបត្តិករបណ្តាញអគ្គិសនីរបស់រដ្ឋ បានសម្រេចចិត្តណែនាំ​ពីការបិទភ្លើងជាបន្ទាន់ តាមកាលវិភាគតភ្ជាប់បណ្តាញឡើងវិញ​នៅប៉ុន្មានថ្ងៃខាងមុខទៀត។

វិស្វករថាមពលកំពុងធ្វើការនៅក្នុងរបៀបសង្គ្រោះបន្ទាន់ ដើម្បីអាចឆាប់បានបើកភ្លើង​ឲ្យជនរួមជាតិឡើងវិញ។ នៅក្នុងការតភ្ជាប់ ពាក់កណ្តាលនៃទីក្រុងកៀវនឹងគ្មានអគ្គិសនី​ប្រើ​ប្រាស់នោះទេ ដូច្នេះប្រជាជនសូមត្រៀមខ្លួន និងជ្រាបជាដំណឹង។

គួររំលឹកដដែលៗថា ការវាយប្រហារដោយមីស៊ីលរុស្ស៊ីជាង៧០គ្រាប់នារសៀល​ថ្ងៃ​ទី​៥ ធ្នូសប្តាហ៍នេះ ទោះត្រូវអ៊ុយក្រែនបញ្ជាក់ថាបានបាញ់ទម្លាក់៦០គ្រាប់ហើយក៏ដោយ   ក៏ក្រុមហ៊ុនថាមពល​អ៊ុយក្រែន​នៅតែអះអាងថា មានការខូចខាតបណ្តាញប្រភពបញ្ជូនភ្លើងធ្ងន់ធ្ងរជាថ្មី៕

ប្រភព៖ ​Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា