អន្តរជាតិ

រុស្ស៊ីថាយន្តហោះគ្មានមនុស្សបើកអ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពអាកាសខ្លួន

រុស្ស៊ីរាយការណ៍ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានសម្រុកវាយប្រហារចូល​ជ្រៅ​មូលដ្ឋានទ័ពអាកាសក្នុងប្រទេសរុស្ស៊ី ដោយបានសម្លាប់មនុស្សចំនួន៣នាក់។

យោងតាមទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី ការស្លាប់ទាំងបីនាក់នេះបានកើតឡើង​នៅឯ​មូលដ្ឋានទ័ពអាកាសក្នុងទីក្រុង Ryazan ចម្ងាយ ១៨៥ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងមូស្គូ​កាលពីថ្ងៃចន្ទទី ៥ ខែធ្នូ ឆ្នាំ២០២២។ ក្នុងការវាយប្រហារចូលជ្រៅក្នុងដីរុស្ស៊ីនេះ ក្រសួងការពារជាតិ​រុស្ស៊ីបានលើកឡើងថា “របបក្រុងKyiv ដើម្បីតែចង់បំផ្លាញយន្តហោះរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី បានព្យាយាមវាយប្រហារជាមួយយន្តហោះគ្មានមនុស្សបើកដែលផលិតដោយសូវៀតនៅឯអាកាសយានដ្ឋានយោធា Dyagilevo ក្នុងតំបន់ Ryazan និងមូលដ្ឋាន Engels ក្នុងតំបន់ Saratov”។ “យន្តហោះគ្មានមនុស្សបើកបានហោះហើរក្នុងរយៈកម្ពស់ទាប ជាការឆ្លើយតប ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានបាញ់ទម្លាក់”។ ក្រសួងបន្តថា ក្រៅពីស្លាប់ ក៏មានអ្នករបួស៤នាក់ទៀតផងដែរ ព្រមទាំងខូចខាតយន្តហោះនៅមូលដ្ឋានបន្តិចបន្តួច។

ចំពោះព័ត៌មាននេះ អ៊ុយក្រែន​មិន​បាន​អះអាង​ទទួល​ខុស​ត្រូវ​ដោយ​ផ្ទាល់​ទេ។ ប្រសិនបើ​ត្រូវបានផ្ទៀងផ្ទាត់ពិតមែន នោះវានឹងក្លាយ​ជា​ការ​វាយ​ប្រហារ​យោធា​ដ៏​ជ្រៅ​បំផុតដោយអ៊ុយក្រែនក្នុងដីរុស្ស៊ី​ចាប់​តាំង​​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ។ គួរដឹងថា ប្រទេសរុស្ស៊ីមានយន្តហោះ​ទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រពី ៦០ ទៅ ៧០ គ្រឿងដែលមានពីរប្រភេទគឺ Tu-95MS Bear និង Tu-160 Blackjack ។ ទាំងពីរ​នេះ​មាន​សមត្ថភាព​អាច​ផ្ទុក​គ្រាប់​បែក​នុយក្លេអ៊ែរ និង​កាំជ្រួច​នាវា​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ៕

ប្រភព៖ ​REUTERS

ប្រភពរូប៖​REUTERS
ប្រែសម្រួល៖សុខ តុលា