អន្តរជាតិ

យន្តហោះទម្លាក់គ្រាប់បែកអាម៉េរិក B-21 ជំនាន់ថ្មីតម្លៃ៧០០លានដុល្លារ

រដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានជាវយន្តហោះទម្លាក់គ្រាប់បែក B-21 ជំនាន់ថ្មីយ៉ាងហោចណាស់ចំនួន ១០០គ្រឿងដាក់ក្នុងវិស័យកងទ័ព ខណៈតម្លៃក្នុងមួយគ្រឿង៧០០លានដុល្លារ។

រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Lloyd Austin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្មីៗនេះថា “យន្តហោះ B-21 Raider គឺជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដំបូងគេ ក្នុងរយៈពេលជាង ៣ ទសវត្សរ៍” ។ “គ្មានយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយណាមួយអាចមក ប្រៀបផ្ទឹមនឹងវាបានទេ”។ លោក​បាន​បន្ត​ថា​៖ “ការ​រីក​ចម្រើន​៥០​ឆ្នាំ​នៃ​បច្ចេកវិទ្យាអាម៉េរិក គឺ​អាច​សង្កេត​បាន និងត្រូវបានលាតត្រដាងក្នុងយន្តហោះនេះ”។ លក្ខណៈដ៏អស្ចារ្យបំផុតស័ក្តិសមនឹងតម្លៃ ៧០០លានដុល្លារ គឺថាសូម្បីតែប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបំផុតក្នុងលោក ក៏នឹងពិបាកក្នុងការ តាមរក B-21 ដែរ។

យោងតាមអ្នកនាំពាក្យក្រុមហ៊ុន Northrop Grumman ដែលទទួលផលិតយន្តហោះនេះបាននិយាយថា រដ្ឋាភិបាលបានទិញវា ១០០គ្រឿង ដើម្បីទុកប្រើក្នុងវិស័យទំនើបកម្មកងទ័ព ខណៈយន្តហោះនេះមាន សមត្ថភាពអាចផ្ទុកបន្ទុកនុយក្លេអ៊ែរ ដោយមិនចាំបាច់ត្រូវមាននាវិកបើកវានោះទេ។

គួរសង្កេតថា ការ​បង្ហាញ​យន្តហោះ​ទម្លាក់​គ្រាប់​ថ្មី​នេះ​បានធ្វើ​ឡើង​នៅ​ពេល​ដែល​មាន​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​រវាង​អាម៉េរិក រុស្ស៊ី និង​ចិន ចំពេល​មាន​សង្រ្គាម​នៅ​អ៊ុយក្រែន និង​បូរណភាព​ទឹក​ដី​តៃវ៉ាន់ផងដែរ។ វាក៏បានកើតឡើងបន្ទាប់ពីរុស្ស៊ី និងចិនបច្ចុប្បន្នកំពុងអភិវឌ្ឍន៍យន្តហោះ ទម្លាក់ គ្រាប់បែកបំបាំងកាយយុទ្ធសាស្ត្រ Xian H-20 និងយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែររុស្ស៊ី Tupolev PAK DA៕

ប្រភព៖ ​AFP

ប្រភពរូប៖AFP
ប្រែសម្រួល៖សុខ តុលា