សន្ដិសុខសង្គម

ព្រួតគ្នាវាយប្តី ឪពុកក្មេកឱ្យរបួសធ្ងន់ សង្ស័យប្រចណ្ឌរឿងស្នេហាត្រីកោណ

ភ្នំពេញ៖ប្រពន្ធនិងកូនប្រសាប្រុសបានព្រួតគ្នាវាយប្តី ឪពុកក្មេក បណ្តាលឱ្យរងរបួសធ្ងន់ គេសង្ស័យប្រចណ្ឌរឿងស្នេហាត្រីកោណ ត្រូវបានអង្គភាព៧១១ ដឹកទៅមន្ទីរពេទ្យភ្លាមៗ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា អំពើហិង្សានេះបានកើតឡើងនៅក្នុងភូមិត្រពាំងពោធិ៍ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី៥ ខែធ្នូ។បុរសរងគ្រោះឈ្មោះកែវ វាសនា អាយុ៤១ឆ្នាំ ជាសន្តិសុខក្រុមហ៊ុន“​លីប្រាប្រាយវេត” នៅភូមិស្រែព្រីង ខេត្តកំពង់ស្ពឺ ទើបមកស្នាក់នៅកន្លែងខាងលើបាន៣ថ្ងៃប៉ុណ្ណោះ។ចំណែកស្ត្រីជាប្រពន្ធឈ្មោះ ហ៊ុន ហេង អាយុ៤១ឆ្នាំ ស្នាក់នៅបន្ទប់ជួលបាន៣ខែហើយជាមួយ​កូនប្រសាប្រុសមកពីខេត្តស្វាយរៀង។

មន្ត្រីដដែលបានបន្តថា មុនកើតហេតុ បុរសជាសន្តិសុខក្រោយពីប្រពន្ធនិងកូនប្រសាប្រុស​នាំគ្នារត់គេចទៅលួចសម្ងំជួលបន្ទប់ស្នាក់នៅអស់រយៈពេល៣ខែមកនោះ គាត់ក៏តាមស្វែងរក។ទើបតែថ្មីៗនេះប្តីបានឃើញ ស្រាប់តែប្រពន្ធនិងកូនប្រសាប្រុសរករឿងឈ្លោះប្រកែករហូត ព្រួតគ្នាបង្កអំពើហិង្សាវាយគាត់បណ្តាលឱ្យបែកក្បាល បែកប្រអប់ដៃស្តាំរងរបួសធ្ងន់ ហើយនាំគ្នាប្រមូលអីវ៉ាន់មួយចំនួនរត់គេចខ្លួនបាត់អស់។

បន្ទាប់ពីនោះអ្នករស់នៅជិតខាងឃើញរបួសហូរឈាមច្រើនពេក ក៏បានរាយការណ៍ទៅ​រថយន្ត​សង្គ្រោះអង្គភាព៧១១ ឱ្យជួយដឹកទៅមន្ទីរពេទ្យ។ករណីនេះសមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ៕ដោយ៖វិចិត្រ