អន្តរជាតិ

ប្រធាន​សិទ្ធិ​មនុស្ស​​អង្គការ​សហ​ប្រជាជាតិ ​ផ្លាស់​ប្តូរ​កិច្ចប្រជុំបន្ទាន់ចូល​ជម្រកក្រោមដីទីក្រុងកៀវ

ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានផ្លាស់ប្តូរកិច្ចប្រជុំជាបន្ទាន់​ចូលទៅកាន់ជម្រកក្រោមដីទីក្រុងកៀវ ក្រោយមីស៊ីលរុស្ស៊ីហោះកងរំពងវាយប្រហារជាថ្មី។

ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកឧត្តមស្នងការ Volker Turk បាននិយាយថា លោកបានជួបជាមួយសកម្មជននៅក្នុងជម្រកក្រោមដីមួយក្នុងទីក្រុង Kyiv នៅថ្ងៃចន្ទទី៥ ខែធ្នូ ឆ្នាំ២០២២ ក្រោយមានសំឡេងស៊ីរ៉ែនប្រកាសអាសន្នពីមីស៊ីលរុស្ស៊ី។ យោងតាមវីដេអូរបស់ទីភ្នាក់ងារព័ត៌មាន AFP បានបង្ហាញពីមន្រ្តីជាន់ខ្ពស់រូបនេះស្ថិតក្នុងចំណោមក្រុមធំមួយកំពុងធ្វើដំណើររត់យ៉ាងលឿនចូលតាមច្រកផ្លូវក្រោមដី។  វីដេអូ ក៏ដូចជារូបភាពដែល Turk បានបង្ហោះនៅលើគណនី Twitter របស់គាត់ដែរជាមួយមន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់ដទៃទៀតរបស់អង្គការសហប្រជាជាតិ កំពុងអង្គុយនៅក្នុងបន្ទប់ត្រជាក់ងងឹត និងរុំដោយអាវរងា។ គាត់បាននិយាយថា “មិនគួរឱ្យជឿដែលរឿងនេះកំពុងកើតឡើងស្ទើរតែរាល់ថ្ងៃនៅក្នុងអ៊ុយក្រែន” ។ “នេះមិនគួរក្លាយទៅជាបែបនេះទេ”។ លោកបានអំពាវនាវឲ្យបញ្ចប់សង្រ្គាមឲ្យបានលឿន ព្រោះវាគ្មានប្រយោជន៍អ្វីទាល់តែសោះ មានតែវិនាសកម្មប៉ុណ្ណោះ។

យោងតាមប្រធានាធិបតីហ្សេឡិនស្គី ការវាយប្រហាររបស់រុស្ស៊ីនៅថ្ងៃចន្ទមកលើ​ទូទាំង​ប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្ស៤នាក់ ខណៈមីស៊ីលរុស្ស៊ីប្រហែល៧០គ្រាប់ត្រូវបានបាញ់ទម្លាក់៕

ប្រភព៖ ​ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា