សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ៣នាក់ករណីលួចនិងប្លន់ម៉ូតូទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី៥ ខែធ្នូ បានបញ្ជូនក្រុមជនសង្ស័យ ចំនួន៣នាក់ករណីលួចនិងប្លន់ម៉ូតូទៅតុលាការរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះសុខ ហេង អាយុ៣០ឆ្នាំ ស្នាក់នៅភូមិពុនសាង ស្រុកព្រៃកប្បាស ខេត្តតាកែវ ឈ្មោះអែល ហិល អាយុ២៧ឆ្នាំ ឈ្មោះជុំ វិរៈ អាយុ២១ឆ្នាំ ពីរនាក់នេះស្នាក់នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

គួររំលឹកថា កាលពីថ្ងៃទី២ ខែធ្នូ កម្លាំងនគរបាលក្រសួងមហាផ្ទៃ,នគរបាល ខណ្ឌមានជ័យ និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវចាប់ខ្លួនក្រុមជនសង្ស័យជាបន្តបន្ទាប់ករណី កាច់កម៉ូតូនិងប្លន់ប្រដាប់អាវុធនៅខណ្ឌជាច្រើនក្នុងរាជធានីភ្នំពេញ។

ប្រតិបត្តិការនោះសមត្ថកិច្ចបានដកហូតម៉ូតូ២គ្រឿង រថយន្តមួយគ្រឿងនិងវត្ថុតាងពាក់ព័ន្ធ មួយចំនួនធំដូចជា ផ្លាកលេខម៉ូតូ-សម្ភារសម្រាប់ធ្វើសកម្មភាពកាច់កម៉ូតូជាមួយគ្រាប់កាំភ្លើង ជាច្រើនគ្រាប់៕ដោយ៖វិចិត្រ