សន្ដិសុខសង្គម

ទណ្ឌិតចំនួន៦នាក់ទទួលការបន្ថយទោសនិងលើកលែងទោស

រតនគិរី៖ទណ្ឌិតចំនួន៦នាក់នៅពន្ធនាគារខេត្តរតនគិរីទទួលបានព្រះរាជក្រឹត្យបន្ធូរបន្ថយទោសនិងលើកលែងទោស។

មន្រ្តីក្រសួងមហាផ្ទៃបានឱ្យដឹងនៅព្រឹកថ្ងៃទី៦ ខែធ្នូឆ្នាំ២០២២នេះថា​ ការចុះទៅប្រកាសព្រះរាជក្រឹត្យ​បានធ្វើឡើងកាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកាកន្លងទៅតាមការណែនាំរបស់ក្រសួងយុត្តិធម៌។ក្នុងនោះមានព្រះរាជអាជ្ញា-ព្រះរាជអាជ្ញារងខេត្តរតនគិរីទទួលបន្ទុកសហការជាមួយពន្ធនាគារខេត្តរតនគិរី បានចុះអនុវត្តនិងផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីការបន្ធូរបន្ថយទោសនិងលើកលែងទោស​ដល់ទណ្ឌិតចំនួន៦នាក់ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក និងពិធីបុណ្យឯករាជ្យជាតិឆ្នាំ២០២២ នៅពន្ធនាគារខេត្តរតនគិរី។

យ៉ាងនេះក្តីតុលាការនិងមន្រ្តីពន្ធនាគារមិនបានប្រាប់ឈ្មោះទណ្ឌិតបន្ទាប់ពីទទូលបានព្រះរាជក្រឹត្យបន្ធូរបន្ថយនិងលើកលែងទោសនាពេលនេះនៅឡើយទេ។

គួរបញ្ជាក់កាលពីខែតុលាកន្លងទៅ ក្រសួងយុត្តិធម៌បានប្រជុំពិនិត្យលើសំណើសុំលើកលែងនិង​បន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន៦៨៣នាក់(ស្រី៦៤នាក់)នៅតាមមណ្ឌលកែប្រែ​និងពន្ធនាគារនៅទូទាំងប្រទេស។ក្នុងព្រះរាជពិធីបុណ្យអុំទូកនិងបុណ្យឯករាជ្យឆ្នាំ២០២២មកពីរាជធានី ខេត្តចំនួន២០និងមណ្ឌលកែប្រែចំនួន៤។ជាមួយនោះសុំបន្ថយទោសមានចំនួន៦២៦នាក់ ស្រី៥៥នាក់និងសុំលើកលែកទោស៥៧នាក់ស្រី៩នាក់៕ដោយ៖វិចិត្រ