សន្ដិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ៣នាក់កាប់ប្លន់យកម៉ូតូទៅតុលាការ

ភ្នំពេញ៖នគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី៥ ខែធ្នូ បានចាប់ជនសង្ស័យ ៣នាក់កាប់ប្លន់យកម៉ូតូបណ្ដាលឱ្យម្ចាស់រងរបួសក្បាលធ្ងន់ធ្ងរ និងត្រៀមបញ្ជូនទៅតុលាការ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី៤ ខែធ្នូ។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់មានឈ្មោះ ប៉ែន ចិន អាយុ៣៨ឆ្នាំ-ឈ្មោះផាន ភក្ដី អាយុ៣២ឆ្នាំ ទាំង២នាក់នេះជាកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ និងឈ្មោះនៅ ស៊ីថា អាយុ៣៨ឆ្នាំ នៅផ្ទះជួលសង្កាត់ចោមចៅទី១។

សមត្ថកិច្ចដកហូតកាំបិតបុ័ងតោ១-កាំបិតចុងស្រួច២-ដំបងដែក១ និងឧបករណ៍សម្រាប់ កាច់សោម៉ូតូ១ឈុត។ចំណែកជនរងគ្រោះឈ្មោះសាត បូរី អាយុ១៩ឆ្នាំ នៅភូមិគោកចំបក់ ខណ្ឌពោធិ៍សែនជ័យ រងរបួសបែកក្បាលធ្ងន់ធ្ងរដេរជាច្រើនថ្នេរ។

មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាស្គូបពីផ្លា កលេខភ្នំពេញ1IC-1594 ចេញពីផ្ទះទៅរកទិញអីហូប។មកដល់កន្លែងខាងលើ ស្រាប់តែក្រុមជនសង្ស័យបានយក កាំបិតបុ័ងតោកាប់ក្បាលជនរងគ្រោះឱ្យរបួសធ្ងន់ធ្ងរ រួចប្លន់យកម៉ូតូជិះគេចខ្លួនបាត់។ក្រោយមកសមត្ថកិច្ចក៏ស្រាវជ្រាវចាប់បាន៕ដោយ៖វិចិត្រ

]