សន្ដិសុខសង្គម

ជិះម៉ូតូបុកគោរត់ឆ្លងផ្លូវបណ្តាលឱ្យគោងាប់ មនុស្សរងរបួសធ្ងន់

ស្វាយរៀង៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនបានបុកគោមួយក្បាលរត់ឆ្លងផ្លូវពេញទំហឹង បណ្តាលឱ្យគោនោះងាប់ភ្លាមៗ រីឯមនុស្សរងរបួសធ្ងន់។គ្រោះថ្នាក់នេះបានកើតឡើង នៅលើផ្លូវជាតិលេខ១៣ ភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី៥ខែធ្នូ។

មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះឈ្មោះអុន សំអ៊ន អាយុ២២ឆ្នាំ នៅភូមិស្វាយរំពារ ឃុំសង្កែ ស្រុករំដួល រងរបួសធ្ងន់ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។ម៉ូតូម៉ាកហុងដា ផ្លាកលេខ ស្វាយរៀង1J-0132០ ខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។ចំណែកគោដែល ងាប់នោះសមត្ថកិច្ចរកមិនទាន់ឃើញម្ចាស់ដើម្បីឱ្យចូលខ្លួនមកដោះស្រាយនៅឡើយទេ។

មុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូលើផ្លូវជាតិលេខ១៣ ពីកើតទៅលិច ស្រាប់តែមានគោ មួយក្បាលបានរត់ឆ្លងផ្លូវបណ្ដាលឱ្យម៉ូតូបុកពេញទំហឹងតែម្តង។បន្ទាប់មកផ្នែកជំនាញចរាចរណ៍ ចុះវាស់វែងយកម៉ូតូនិងគោទៅទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ