សេដ្ឋកិច្ច

ជប៉ុន​ផ្តល់​ជំនួយឥតសំណង​ជាង​១៨​ម៉ឺន​ដុល្លារ​សម្រាប់​គម្រោងសាងសង់ស្ពាន​និង​ធារាសាស្ត្រ​

​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ជំនួយឥតសំណង​ចំនួន​ជាង​១៨​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ដ​ល់​កម្ពុជា​សម្រាប់​កសាង​ស្ពានបេតុង​មួយកន្លែង​នៅ​ខេត្តកំពង់ស្ពឺ និង​សា្តរ​ប្រព័ន្ធធារាសាស្ត្រ​ក្នុង​ខេត្តកំពង់ចាម​។​

​ជំនួយឥតសំណង​ជាង​១៨​ម៉ឺន​ដុល្លារ​នេះ  រដ្ឋាភិបាល​ជប៉ុន​ផ្តល់ជូន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ស្ពឺ ចំនួន ៩៩ ២១២​ដុល្លារ​អាមេរិក​សម្រាប់​កសាង​ស្ពានបេតុង​មួយកន្លែង​នៅ​ខេត្តកំពង់ស្ពឺ និង​ថវិកា​ចំនួន ៨៧ ៦៤៤​ដុល្លារ​អាមេរិក​ផ្តល់ជូន​ឧតុនិយម​ខេត្តកំពង់ចាម ក្នុង​ការស្តារ​ប្រព័ន្ធធារាសាស្ត្រ​ក្នុង​ខេត្ត ។​

​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​ជំនួយឥតសំណង​នៅ​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២២ ឧ​ប​ទូត​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក តា​និ​ណៃ អ៊ិ​ឈិ​តុ​ម៉ុ រំពឹងទុក​ថា​គម្រោង​សាងសង់​ស្ពានបេតុង​នៅ​ខេត្តកំពង់ស្ពឺ នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​មូលដ្ឋានចំនួន ៣ ៣០០​នាក់ ដោយ​សម្រួល​ដល់​ការដឹកជញ្ជូន​ផលិតផល​កសិកម្ម​ក៏ដូចជា​ការធ្វើដំណើរ​ប្រចាំថ្ងៃ​របស់​សិស្ស​និង​ប្រជាជន ទៅកាន់​សាលា​រៀន ផ្សារ​និង​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត​ពេញ​មួយឆ្នាំ​។​តាមរយៈ​ការកែលម្អ​ប្រព័ន្ធធារាសាស្ត្រ​នៅ​ខេត្តកំពង់ចាម លោក​ក៏​រំពឹងថា​​នឹង​ធានា​នូវ​ការផ្គត់ផ្គង់​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ និង​សម្រាប់​កសិកម្ម​ដល់​ប្រជាជន​មូលដ្ឋាន​ជាង ៤ ៥០០​នាក់​។​

​សូមបញ្ជាក់ថា​នៅក្នុង​រយៈពេល​៣០​ឆ្នាំ​ចុង​ក្រោយនេះ​ចាប់តាំងពី​ឆ្នាំ​១៩៩១ ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា បាន​ចូលរួមចំណែក​ក្នុង​គម្រោង​ជាង​៦៦០ នៅ​ទូទាំងប្រទេស​កម្ពុជា តាមរយៈ​ជំនួយឥតសំណង​គូ​សាណូ​ណិ​៕ដោយៈផាវី