សន្ដិសុខសង្គម

ចាប់ជនសង្ស័យ៣នាក់ជិះម៉ូតូដេញកាប់ម៉ូតូខាងជនរងគ្រោះ

ពោធិ៍សាត់៖កម្លាំងនគរបាលស្រុកបាកាន ក្រោយទទួលព័ត៌មានថាមានម៉ូតូ៣ទៅ៤គ្រឿង​ជិះដេញកាប់ម៉ូតូជនរងគ្រោះនោះមក ក៏ស្ទាក់ចាប់បានក្រុមជនសង្ស័យ៣នាក់។

មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា មុនកើតហេតុ មានក្មេងប្រុស២នាក់ជិះម៉ូតូម៉ាកហុងដាសេ125 ពណ៌ខ្មៅ ចេញពីក្រុងពោធិ៍សាត់ តាមផ្លូវជាតិលេខ៥ ឆ្លងកាត់ទឹកដីស្រុកបាកាន កាលពីម៉ោងជាង១ រំលងអធ្រាតឈានចូលថ្ងៃទី៦ ខែធ្នូ ។ពេលនោះត្រូវបានជនសង្ស័យមួយក្រុមមានម៉ូតូ៣ទៅ៤គ្រឿង ជិះដេញកាប់ម៉ូតូរងគ្រោះពីស្ពានស្វាយអាត់ដល់ភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ តែជនរងគ្រោះបានបើករត់គេចរួចខ្លួនរួចពីគ្រោះថ្នាក់។

ក្រោយមកសមត្ថកិច្ចទទួលបានព័ត៌មានក៏ចេញអន្តរាគមន៍ ដោយស្ទាក់ចាប់ជនសង្ស័យ​បានចំនួន៣នាក់។ក្នុងនោះនគរបាលស្រុកបាកានក៏បានសុំឱ្យជនរងគ្រោះចូលរួមសហការ​បង្ហាញពីសកម្មភាពដើម្បីកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ