អន្តរជាតិ

កូរ៉េខាងជើងប្រហារជីវិតក្មេងជំទង់២នាក់ក្រោយមើលខ្សែភាពយន្តកូរ៉េខាងត្បូង

រដ្ឋាភិបាលកូរ៉េខាងជើង បានកាត់ទោសប្រហារជីវិតក្មេងជំទង់២នាក់យ៉ាងសាហាវពីបទមើលខ្សែ ភាពយន្តរបស់ប្រទេសកូរ៉េខាងត្បូង។

យោងតាមវិទ្យុអាស៊ីសេរី ព័ត៌មាននេះទើបតែបានលេចចេញនៅសប្តាហ៍នេះ ខណៈការប្រហារជីវិត​បានធ្វើឡើងតាំងតែពីខែតុលាមកម្ល៉េះ។ ក្មេងជំទង់ទាំងពីរនាក់មានអាយុ១៦ និង ១៧ឆ្នាំ ត្រូវបានបាញ់​នៅឯវាលអាកាសយានដ្ឋានមួយនៅចំពោះមុខអ្នកស្រុកហាក់គួរឲ្យខ្លាច ស្ថិតក្នុងទីក្រុង Hyesan ជាប់ព្រំដែនជាមួយប្រទេសចិន។ ជាមួយគ្នានេះ ប្រភពដដែលក៏បានរាយការណ៍ថា ក្មេងប្រុសម្នាក់​ទៀតក៏ត្រូវបានប្រហារជីវិតក្នុងពេលនោះផងដែរ តែក្មេងទី៣នេះ គឺមានជាប់ទោសផ្សេង ទោសសម្លាប់ម្តាយចុងរបស់ខ្លួន។

គួរជម្រាបថា ការប្រហារជីវិតបែបនេះគឺកម្រមានណាស់នៅក្នុងប្រទេសកូរ៉េខាងជើង ដោយធ្លាប់តែឮការព្រមាន និងយកទៅអប់រំធម្មតាច្រើនឆ្នាំប៉ុណ្ណោះ។ ជាទូទៅការព្រមានត្រូវបាន​ប្រើដើម្បីបំភ័យប្រជាជនឱ្យគោរពប្រតិបត្តិ ជៀសវាងការបំពានច្បាប់។ ទោះជាយ៉ាងណាក៏ដោយ ច្បាប់បានចែងថា ប្រសិនបើនរណាម្នាក់ហ៊ានធ្វើអាជីវកម្ម ឬចែកចាយភាពយន្តកូរ៉េខាងត្បូង អ្នកនោះនឹងត្រូវរងទោសប្រហារជីវិត ទោះជាអនីតិជនក៏ដោយ៕

ប្រភព៖ ​Daily Mail

ប្រភពរូប៖Daily Mail
ប្រែសម្រួល៖សុខ តុលា