អន្តរជាតិ

កូរ៉េខាងជើងប្រកាសបាញ់មីស៊ីលចូលសមុទ្របន្ថែមទៀត ព្រមានកូរ៉េខាងត្បូង

កូរ៉េខាងជើងប្រកាសបាញ់មីស៊ីលចូលសមុទ្របន្ថែមទៀតនៅថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីជាការព្រមានដល់សមយុទ្ធកូរ៉េខាងត្បូងដែលកំពុងបន្តជាមួយអាម៉េរិក។

ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃអង្គារ ទី ៦ ខែធ្នូ ឆ្នាំ២០២២នេះថា កូរ៉េខាងជើងបានបញ្ជាឱ្យអង្គភាពយោធាបាញ់ផ្លោងកាំភ្លើងធំបន្ថែមទៀតចូលទៅក្នុង​សមុទ្រភាគខាងកើត និងខាងលិច ដើម្បីឆ្លើយតបនឹងសមយុទ្ធកម្លាំងខាងក្រៅ។ ក្រុង​ព្យុងយ៉ាង​បាន​រិះគន់​យ៉ាង​ខ្លាំង​ដល់​សមយុទ្ធ​រួម​របស់  កូរ៉េខាងត្បូងនិងអាម៉េរិក ដែលកំពុងបន្តជាមួយគ្នា​ថា​ជា​ការ​បង្កហេតុ និង​ជា​ភស្តុតាង​នៃ​គោល​នយោបាយ​អរិភាព​របស់​ក្រុង​សេអ៊ូល និង​ក្រុង​វ៉ាស៊ីនតោន។ យោងតាម KCNA សេចក្តីថ្លែងការណ៍របស់រដ្ឋបាលលោកគីមបាននិយាយថា “សត្រូវត្រូវតែបញ្ឈប់ជាបន្ទាន់នូវសកម្មភាពយោធាបង្កហេតុនៅក្នុងតំបន់ក្បែរជួរមុខ”។ អ្នកនាំពាក្យបាននិយាយថា បន្ថែមពីលើការបាញ់កាំភ្លើងធំ កងទ័ពកូរ៉េខាងជើងបានចេញការ​ប្រកាសអាសន្នប្រយុទ្ធដល់អង្គភាពគ្រប់លំដាប់ថ្នាក់ ហើយកងទ័ពត្រូវបានបញ្ជាឱ្យបង្កើនការឃ្លាំមើល។

សូមបញ្ជាក់ថា ការបាញ់នេះកើតឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់ផ្លោងអស់ជាង ១៣០គ្រាប់ហើយចូលទៅក្នុងសមុទ្រនៅឆ្នេរសមុទ្រភាគខាងកើត និងខាងលិច ដែលគ្រាប់ខ្លះបានធ្លាក់នៅតំបន់ការពារក្បែរព្រំដែនសមុទ្ររវាងកូរ៉េទាំងពីរ។

ទីក្រុងសេអ៊ូល បានហៅសកម្មភាពនេះជាការរំលោភលើកិច្ចព្រមព្រៀងអន្តរកូរ៉េឆ្នាំ ២០១៨ ស្តីពីការកាត់បន្ថយភាពតានតឹង។ កងទ័ពកូរ៉េខាងត្បូងនិងសហរដ្ឋអាម៉េរិកពិតជាបានធ្វើសមយុទ្ធ​បាញ់គ្រាប់ពិតនៅជិតព្រំដែនចាប់តាំងពីថ្ងៃចន្ទមែន។ តែបាននិយាយថា សមយុទ្ធនេះគឺចាំបាច់​ដើម្បីរារាំងកូរ៉េខាងជើងដែលបំពាក់អាវុធនុយក្លេអ៊ែរ សាកល្បងកាំជ្រួចចំនួនដ៏ច្រើនសន្ធឹក​សន្ធាប់ក្នុងឆ្នាំនេះ ព្រមទាំងត្រៀមលក្ខណៈដើម្បីបន្តការសាកល្បងនុយក្លេអ៊ែរជាលើកទីមួយ​ចាប់តាំងពីឆ្នាំ២០១៧ ទៀតផង៕

ប្រភព៖ ​REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា