កីឡា

Lewandowski មិន​ខ្លាច ក្នុងការ​លេង នៅ World Cup 2026 នោះទេ​

កីឡាករ Robert Lewandowski មិនមាន​ការ​ភ័យខ្លាច ក្នុងការលេង នៅ​ឯ​ព្រឹត្តិការណ៍ World Cup ម្ដង​ទៀតនោះឡើយ ប៉ុន្តែប្រធានក្រុមជម្រើសជាតិប៉ូឡូញរូប​នេះ បានទទួលស្គាល់ថា ក្រុមរបស់គាត់ នឹងត្រូវការផ្លាស់ប្តូរតាក់ទិក​ជាច្រើន​ទៀត​។

ខ្សែប្រយុទ្ធរូបនេះ បានឃើញក្រុមរបស់ខ្លួនចាញ់​ក្រុមបារាំង ៣-១ ក្នុងការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ ដោយខ្ទាត​ចេញពីការ​ប្រកួត​ប្រជែង នៅ​ប្រទេសកាតា នា​ឆ្នាំ២០២២ បន្ទាប់ពីមាន​នូវ​យុទ្ធនាការដ៏គួរ​ឱ្យ​ខកចិត្ត ដែលបានឃើញថា ពួកគេប្រឹង​ប្រែង​យ៉ាង​ត្រដាប​ត្រដួស ក្នុងវគ្គចែកពូលផងដែរ។

ដោយធ្វើ​ដំណើរ​មកកាន់ព្រឹត្តិការណ៍នេះ ដោយមិនមានគ្រាប់បាល់ស នៅ World Cup ក្នុងអាជីព កីឡាករ Lewandowski បានបន្ថែមគ្រាប់បាល់ទី២ របស់ខ្លួន ក្នុងកម្មវិធី​នេះ ដោយ​ការស៊ុតបាល់ប៉េណាល់ទីបាន​សម្រេច​ នៅចុងម៉ោង ទល់នឹងក្រុម​មាន់​គក​បារាំង។

ប៉ុន្តែនៅពេលដែលត្រូវបានសួរថា តើរូប​គេ​នឹងនៅតែស្ថិតក្នុងរង្វង់​នៃ​ក្រុម ដើម្បីបាន​បង្ហាញខ្លួន ក្នុង​ឆ្នាំ២០២៦ ពោល​គឺ ៤ឆ្នាំ​ខាង​មុខ ដែរ ឬយ៉ាង​ណា ដោយ​នៅពេលនោះរូប​គេ​នឹងមានវ័យ ៣៧ឆ្នាំ ខ្សែប្រយុទ្ធចាស់វស្សា​របស់ក្លិប Barcelona នឹងមិនមាន​ការ​ប្ដេជ្ញាចិត្ត ១០០ភាគរយ​​នោះ​ទេ។

រូប​គេ​​បាន​និយាយ​ថា​៖ «​តាម​ផ្លូវ​កាយ ខ្ញុំ​មិន​ខ្លាច​ទេ​។ ប៉ុន្តែមានរឿងជាច្រើនដែលត្រូវដោះស្រាយ​ជាមុន។ វាពិបាកក្នុងការនិយាយ នាពេល​ឥឡូវនេះ។ ខាង​កម្លាំង​ការ វាមិនធ្វើ​ឱ្យ​ខ្ញុំភ័យ​ខ្លាច​នោះទេ ប៉ុន្តែនៅតែមានភាពមិនប្រាកដ​ប្រជា​ជាច្រើនទៀត​»។

ជាមួយ​គ្នា​នេះ​ដែរ កីឡាករ Lewandowski បាន​ប្រាប់​ពី​ការ​លេង​បែប​ការពាររបស់​ក្រុម​ប៉ូឡូញនៅ​កាតានេះថា​ ប្រហែលជា​ចាំ​បាច់​ត្រូវ​ផ្លាស់​ប្ដូរ។

Lewandowski បាននិយាយថា៖ «វានៅមាន​ដំណើរ​ផ្លូវវែងឆ្ងាយ ហើយពិត​ណាស់ជាក់ស្តែង យើង​ត្រូវតែ​រីករាយនឹងហ្គេមនេះ។ ប្រសិនបើយើងវាយលុក ព្យាយាមវាយលុក វានឹង​មាន​លក្ខណៈ​ខុសគ្នាបន្តិច។ ប៉ុន្តែប្រសិនបើយើងលេងការពារ វាមិនសូវ​ជា​មាន​ភាព​រីក​រាយប៉ុន្មាន​នោះ​ឡើយ​»៕