កីឡា

អង់គ្លេសលត់សេណេហ្គាល់ ៣-០ ដើម្បី​ឡើង​ទៅ​ជួប​បារាំង នៅ​វគ្គ ៨ក្រុម

ក្រុម​តោកំណាច​អង់គ្លេស បានប្រឹង​ជម្នះ​លើការចាប់ផ្ដើមដ៏​មិន​សូវ​ជា​លេច​ធ្លោ​របស់​ខ្លួន រហូត​ដណ្ដើម​បាន​នូវ​ជ័យជម្នះយ៉ាង​ងាយៗ ៣-០ លើក្រុម​សេណេហ្គាល់ ក្នុង​ការ​ប្រកួត កាលពីថ្ងៃអាទិត្យ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីដោយកីឡាករ Jordan Henderson, Harry Kane និង Bukayo Saka បានជួយ​ឱ្យ​ពួកគេឆ្លង​ទៅវគ្គ ១/៤ ផ្ដាច់​ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ World Cup ដោយ​ត្រូវ​ជួប​ជាមួយនឹងក្រុមម្ចាស់ជើងឯកចាស់បារាំង។

ក្រុម​អង់គ្លេសបានចំណាយពេលយ៉ាង​យូរ ដើម្បី​យក​ប្រៀប​លើ​ក្រុម​ជើងឯកអាហ្រ្វិក ជាក្រុមដែលពួកគេមិនធ្លាប់ជួបពីមុនមក ហើយបានគេច​ផុតពីការភ័យ​ខ្លាច​មួយចំនួន មុនពេលគ្រាប់បាល់ចំនួន ២គ្រាប់ នៅចុងវគ្គទី ១ បានផ្លាស់ប្តូរអារម្មណ៍ នា​ពេល​រាត្រី​នេះ ហើយវាមិនមែនជាការ​ប្រកួត​ទៀត​នោះ​ឡើយ បន្ទាប់ពីការឈប់​សម្រាក ១៥នាទី​ ពោល​គឺ​ក្រុម​តោកំណាច​មានប្រៀប​ស្ទើរ​ទាំង​ស្រុង ក្រោយ​នាំ​មុខ​ ៣-០។

ជ័យជម្នះដ៏គួរឱ្យចាប់អារម្មណ៍នេះ បានបន្លាយ​ការមិនស្គាល់ចាញ់សោះ​របស់ពួកគេ ក្នុង​ការ​លេង​ទល់នឹងក្រុមអាហ្វ្រិករហូតដល់ ២១ដង ក្នុង​នោះ​រួមទាំងការប្រកួត នៅ World Cup នេះចំនួន ៨ផងដែរ។ ក្រុម​ម៉ារ៉ុក ដែល​ត្រូវ​ប៉ះក្រុម​​អេស្ប៉ាញ ​នៅ​ថ្ងៃ​អង្គារ ឥឡូវ​នេះ ​ជា​ក្រុម​អាហ្វ្រិក​តែ​ ១​គត់ ​ដែល​នៅ​សល់​ក្នុង​ការ​ប្រកួតប្រជែង​នេះ។

អ្នក​ចាត់​ការក្រុម​អង់គ្លេស លោក Gareth Southgate បាន​និយាយ​ថា៖ «ទម្រង់​លេង​ដ៏​រឹង​មាំ គឺ​ពិត​ជា​ល្អ​ឥត​ខ្ចោះ។ រាល់ការប្រកួត ដែលយើង​លេងជាមួយ មាន​ប្រភេទបញ្ហាប្រឈមផ្សេងៗគ្នា និងតាក់ទិកផ្សេងៗគ្នា ដើម្បីឱ្យ​យើង​ដោះស្រាយ។ យើងធ្វើ​បាន​យ៉ាង​ប្រសើរ​ជា​បណ្ដើរ​ៗ ហើយកំពុងឆ្លើយ​តប​ចំពោះ​បញ្ហា​ទាំង​នោះ​។ គុណភាព​នៃ​ការ​ផ្លាស់ទី ​គឺ​អស្ចារ្យ ហើយ​ការ​បញ្ចប់ទី ​គឺ​ច្បាស់​លាស់​ណាស់​»។

វា​គឺជាគ្រាប់ទី ១២ របស់អង់គ្លេស ក្នុងការប្រកួតប្រជែងនេះ ដែលច្រើនជាង​ក្រុមណាទាំង​អស់ នៅ​ប្រទេសកាតា និងជាចំនួនសរុប ដែលស្មើ​នឹងកំណត់ត្រារបស់ពួកគេ កាល​ពី​ ៤ឆ្នាំមុន នៅពេលដែលពួកគេបានធ្វើ​ដំណើររហូត​ដល់​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕