អន្តរជាតិ

ហ្សេឡិនស្គី៖ បើតស៊ូផុតរដូវរងានេះ យើងនឹងធូរស្បើយគ្រប់យ៉ាង

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានប្រាប់ប្រជាជនរបស់លោកឲ្យព្យាយាម​តស៊ូរស់ឲ្យបានក្នុងរដូវរងានេះ បើឆ្លងផុតនោះនឹងធូរស្បើយគ្រប់យ៉ាង។

មេដឹកនាំប្រទេសអ៊ុយក្រែន លោកហ្សេឡិនស្គី បានជម្រាបយ៉ាងដូច្នេះក្នុងវីដេអូប្រចាំថ្ងៃអាទិត្យទី ៤ ខែធ្នូ ឆ្នាំ២០២២។ លោកបានប្រាប់ប្រជាជនឲ្យចេះរស់នៅ ជួយគ្នាទៅវិញទៅមក ស្រឡាញ់គ្នា ដើម្បីធ្វើយ៉ាងណាឆ្លងឲ្យផុតរដូវរងានេះពេលបច្ចុប្បន្ន។​ ​​លោកបានលើកឡើងដោយផ្ទាល់ថា “យើងត្រូវធ្វើអ្វីគ្រប់យ៉ាងដើម្បីស៊ូទ្រាំនឹងរដូវរងានេះ ទោះបីជាវាលំបាកយ៉ាងណាក៏ដោយ យើងនឹងស៊ូទ្រាំ។ ការតស៊ូទ្រាំឆ្លងឲ្យផុតរដូវ រងានេះ គឺដើម្បីការពារអ្វីគ្រប់យ៉ាង។ រុស្ស៊ីនៅតែមានកាំជ្រួច និងគុណសម្បត្តិផ្នែកកាំភ្លើងធំ។ ប៉ុន្តែយើងមានកម្លាំងចិត្ត ក្តីសង្ឃឹម ។ យើងកំពុងការពារផ្ទះរបស់យើង ហើយវាផ្តល់ឱ្យយើងនូវការលើកទឹកចិត្តដ៏ខ្លាំងបំផុតដែលអាចធ្វើទៅបាន។ យើងកំពុងតស៊ូ​ដើម្បីសេរីភាព យើងកំពុងការពារការពិត ហើយនេះបង្រួបបង្រួមទាំងមូល។ ពិភពលោកក៏ឈរជាមួយ​អ៊ុយក្រែនដែរ”។

“ដើម្បីឆ្លងកាត់រដូវរងានេះ យើងត្រូវចេះជួយគ្នាឱ្យច្រើនជាងពេលណាៗទាំងអស់ ហើយយកចិត្ត​ទុកដាក់ចំពោះគ្នាថែមទៀត។ “សង្រ្គាមមិនអាចធ្វើឲ្យមានជម្លោះផ្ទៃក្នុង និងជម្លោះដែលធ្វើឱ្យយើង​ទាំងអស់គ្នាចុះខ្សោយនោះទេ យើងត្រូវការកិច្ចសហប្រតិបត្តិការច្រើនជាងពេលណាៗទាំងអស់”។

យោងតាមអាជ្ញាធរអ៊ុយក្រែន ស្ថានភាពនៅទីក្រុងកៀវនិងទូទាំងតំបន់ផ្សេងទៀត  អគ្គិសនីត្រូវបាន​តភ្ជាប់ឡើងវិញបានគ្រាន់ដែរហើយ ទោះបីជាតំបន់ខ្លះនៅតែកំពុងស្ថិតក្រោមប្រតិបត្តិការស្តារក៏ដោយ៕

ប្រភព៖ ​PRAVDA

ប្រភពរូប៖PRAVDA
ប្រែសម្រួល៖សុខ តុលា