សន្ដិសុខសង្គម

សមត្ថកិច្ចស្វែងរកចាប់រថយន្តបុកម៉ូតូ បណ្ដាលឱ្យគ្រួសារមួយស្លាប់៤នាក់ របួសធ្ងន់ម្នាក់

ត្បូងឃ្មុំ៖សមត្ថកិច្ចកំពុងស្វែងរកចាប់អ្នកបើកបររថយន្តបុកម៉ូតូជិះឌុបគ្នាជាគ្រួសារបណ្តាលឱ្យ ស្លាប់៤នាក់ របួសធ្ងន់ម្នាក់យ៉ាងតក់ស្លុតបំផុត។គ្រោះថ្នាក់ចរាចរដ៏រន្ធត់នោះបាន​កើតឡើង​នៅលើផ្លូវជាតិលេខ១១ ចន្លោះគីឡូម៉ែត្រលេខ៧៦-៧៧ ភូមិ៥៤ ឃុំទួលសូភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី៤ ខែធ្នូ។

សមត្ថកិច្ចបានឱ្យដឹងថា មនុស្សប្រុសស្រី ក្មេងចាស់ចំនួន៤នាក់បានស្លាប់ភ្លាមៗ​និងម្នាក់រងរបួសធ្ងន់ ដោយមានរថយន្តមិនស្គាល់អត្តសញ្ញាណបានបុកជាមួយម៉ូតូ​ពេញទំហឹង​ខណៈកំពុងជិះឌុបគ្នាមួយគ្រួសារបណ្ដាលឲ្យស្លាប់៤នាក់និងរបួសធ្ងន់ម្នាក់ ហើយរថយន្តបើករត់បាត់។

មន្ត្រីដដែលបានបន្តថា ជនរងគ្រោះដែលស្លាប់ភ្លាមឈ្មោះ រឿន រីន អាយុ៣៨ឆ្នាំជាប្តី​ ឈ្មោះ គិនស៊ីនូ អាយុ៣៦ឆ្នាំ ប្រពន្ធ ឈ្មោះរឿន ស៊ីណេត ភេទស្រី អាយុ១០ឆ្នាំជាកូន ឈ្មោះរឿន លីហេង ភេទប្រុសអាយុ៦ឆ្នាំ ជាកូន និងឈ្មោះ រឿន សុខណៃ ភេទស្រីអាយុ២ឆ្នាំ រងរបួសធ្ងន់។

មួយគ្រួសាររងគ្រោះទាំង៥នាក់នោះរស់នៅភូមិមេលោង ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។បន្ទាប់មកសពជនរងគ្រោះត្រូវបានប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យ។ចំពោះករណីខាងលើ សមត្ថកិច្ចកំពុងបន្តស្វែងរកចាប់អ្នកបើកបររថយន្តយក​មកផ្តន្ទាទោស​តាមច្បាប់៕ដោយ៖វិចិត្រ