អន្តរជាតិ

រុស្ស៊ីមិនសុខចិត្តបដិសេធនាំចេញ ក្រោយលោកខាងលិចបន្ទាបតម្លៃប្រេងខ្លួន

រដ្ឋាភិបាលទីក្រុងមូស្គូបានប្រកាសពហិការមិនព្រម ក្រោយប្រទេសអឺរ៉ុបលោកខាងលិច​បានបន្ទាបតម្លៃប្រេងរបស់ខ្លួនដល់ចំណុចមិនអាចទទួលយកបាន។

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បាននិយាយកាលពីចុងសប្តាហ៍​កន្លងទៅនេះថា “រុស្ស៊ី​នឹង​មិន​ដំណើរការ​ក្រោម​តម្លៃ​ដែលបានកំណត់នោះទេ បើ​ទោះ​ជា​ក្រុង​មូស្គូ​ត្រូវ​កាត់​បន្ថយ​ផលិតកម្ម​ក៏​ដោយ”។ “យើងនឹងលក់ប្រេង និងផលិតផលប្រេង​ទៅឱ្យតែប្រទេសណាដែលនឹងធ្វើការជាមួយយើងក្រោមលក្ខខណ្ឌទីផ្សារប៉ុណ្ណោះ”។ “ឥឡូវនេះយើងកំពុងធ្វើការលើយន្តការ ឆ្លើយតបនឹងការហាមឃាត់ការប្រើប្រាស់​ឧបករណ៍កំណត់តម្លៃខ្វះមូលដ្ឋាននេះ ពីព្រោះការជ្រៀតជ្រែកបែបនេះអាចធ្វើឱ្យទីផ្សារ​មានអស្ថិរភាពបន្ថែមទៀត”។

គួររំលឹកបន្តិចថា កាលពីថ្ងៃសុក្រកន្លងទៅនេះ សហភាពអឺរ៉ុប ក៏ដូចជាប្រទេសG7 បានយល់ព្រមស្រុះគ្នាលើការកំណត់តម្លៃប្រេងរបស់រុស្ស៊ីក្នុងតម្លៃត្រឹម ៦០ដុល្លារក្នុងមួយ  បារែល ដែលជាទំហំដ៏តូចមួយប្រៀបនឹងតម្លៃចាស់។ ការកំណត់តម្លៃគឺមានគោលបំណង​ដើម្បីដាក់ទណ្ឌកម្មរុស្ស៊ីមិនឲ្យរកបានប្រាក់ចំណូលបានច្រើន ចំពេលដែលរុស្ស៊ីកំពុង​បង្កសង្រ្គាម និងវិនាសកម្មនៅអ៊ុយក្រែន។

ជុំវិញបញ្ហានេះ វានៅតែមិនទាន់ច្បាស់ថាតើប្រេងរបស់រុស្ស៊ីចំនួនប៉ុន្មានដែលវិធានការ​ដាក់ទណ្ឌកម្មនឹងរងផលប៉ះពាល់ដល់ការផ្គត់ផ្គង់ និងជំរុញឱ្យតម្លៃកើនឡើងជាសកល។ តែយ៉ាងណា អារ៉ាប៊ីសាអូឌីត ដែលជាអ្នកផលិតប្រេងលេខ២របស់ពិភពលោក ទំនងជានឹងនៅតែបន្តទិសដៅផ្គត់ផ្គង់នាំចេញទៅអឺរ៉ុបដូចមុន ក៏ដូចជាទៅកាន់​អតិថិជននៅក្នុងប្រទេសឥណ្ឌា ចិន និងតួកគី៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា