អន្តរជាតិ

រុស្ស៊ីបើកការវាយប្រហារមន្ទីរឃុំឃាំងអ្នកទោសរបស់អ៊ុយក្រែន

អ៊ុយក្រែនរាយការណ៍ថា នៅក្នុងការវាយប្រហារថ្ងៃអាទិត្យមកលើទីក្រុងឃើសនភាគខាងត្បូង រុស្ស៊ីបានវាយប្រហារកន្លែងដាក់អ្នកទោសបង្កឲ្យខូចខាតអគារ និងរបួសបុគ្គលិកអ៊ុយក្រែន។

យោងតាមកាសែតជាតិអ៊ុយក្រែនប្រាវដា បានឲ្យដឹងពីសេចក្តីរាយការណ៍របស់នាយកដ្ឋានរដ្ឋ​សម្រាប់ការអនុវត្តទោសព្រហ្មទណ្ឌអ៊ុយក្រែន កាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០២២។ សម្រង់សំដីបាននិយាយថា “ថ្ងៃនេះ ក្នុងអំឡុងពេលនៃការបាញ់ផ្លោងទីក្រុង Kherson មានការវាយប្រហារលើអគារនៃមជ្ឈមណ្ឌលឃុំខ្លួនបណ្តោះអាសន្ន Kherson ។ អគារ​មួយ​ចំនួន​រង​ការ​ខូច​ខាត និង​បុគ្គលិក​រង​របួស។ ទណ្ឌិត​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅ​មណ្ឌល​ផ្សេង​ទៀត​ក្នុង​តំបន់​ដែល​មាន​សុវត្ថិភាព​ជាង​នេះ”។

ព័ត៌មានលំអិត ក្រសួងការបរទេសសម្រាប់ការអនុវត្តទោសព្រហ្មទណ្ឌបានរាយការណ៍ថា មនុស្សគ្រប់រូបដែលស្ថិតនៅក្នុងមន្ទីរឃុំឃាំងនោះ គឺជាអ្នកដែលត្រូវបានឃុំទុក     បណ្តោះអាសន្នត្រៀមកាត់ទោស បន្ទាប់ពីចាប់បានក្នុងអំឡុងការរំដោះទឹកដីពីកងទ័ព  រុស្ស៊ី។

នៅក្នុងការវាយប្រហារថ្ងៃទី៥ធ្នូ រុស្ស៊ីបានប្រើកាំភ្លើងធំបាញ់ប្រហារចំនួន ៥ដងមកលើទីក្រុងឃើសន ជាទីក្រុងដែលពួកគេទើបដកទ័ពចេញ។ របាយការណ៍ចេញដោយអ៊ុយក្រែន ២សប្តាហ៍ចុងក្រោយនេះ ចំនួនអ្នកស្លាប់នៅឃើសនមានចំនួន១៩នាក់ និងរបួស៣៩នាក់។ ដោយឡែករុស្ស៊ីមិនបាន​ឆ្លើយតបឡើយ៕

ប្រភព៖ ​PRAVDA

ប្រភពរូប៖PRAVDA
ប្រែសម្រួល៖សុខ តុលា