កីឡា

មនុស្សជិត៨ពាន់នាក់ បានចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង អន្តរជាតិនៅរមណីយដ្ឋានអង្គរ

សៀមរាប៖ក្រុមមនុស្សចម្រុះជាតិសាសន៍ប្រមាណជិត៨ពាន់នាក់មកពី៦៩ប្រទេស ជុំវិញពិភពលោក បានចូលរួមព្រឹត្តការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី២៧នៅក្នុងរមណីយដ្ឋានអង្គរខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២។

ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ ដែលទើបតែមានវត្តមានជាថ្មី ឡើងវិញលើទឹកដីអង្គរនេះ រៀបចំដោយក្រសួងទេសចរណ៍និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា សហការជាមួយអាជ្ញាធរជាតិអប្សរានិងអាជ្ញាធរខេត្តសៀមរាប ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ក្នុងគោលបំណងបំផុសឱ្យដល់ប្រជាពលរដ្ឋ បានលេងដើម្បីមានសុខភាពល្អ និងរួមចំណែកវិស័យទេសចរណ៍ ព្រមទាំងផ្សព្វផ្សាយ តំបន់បេតិកភណ្ឌពិភពលោក មានប្រាង្គប្រាសាទនៃតំបន់អង្គរ ក៏ដូចជាការផ្សារភ្ជាប់ មូលនិធិមនុស្សធម៌ ដើម្បីស្វែងរកថវិកាជួយដល់កាកបាទក្រហមកម្ពុជានិងមន្ទីរ ពេទ្យគន្ធបុប្ផា និងម្យ៉ាងទៀត ក៏ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជានាឆ្នាំ២០២៣ខាងមុខដែរ។

ការរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុនអន្តរជាតិ នៅបរិវណមុខប្រាសាទអង្គរវត្ត កាលពីព្រឹកថ្ងៃទី៤ខែធ្នូនេះ គឺមានវិញ្ញាសាររត់ប្រណាំងចំនួន៤ប្រភេទ ដូចជាការ រត់ប្រណាំងចម្ងាយ២១គីឡូម៉ែត មានអ្នកចូលរួម១.៧៥០នាក់ ចាប់ផ្តើមរត់ពីម៉ោង ៥និង៤៥នាទីព្រឹក ការរត់ប្រណាំងចម្ងាយ១០គីឡូម៉ែត្រ មានអ្នកចូលរួម ៣.៤២០នាក់ ចាប់ផ្តើមរត់ ពីម៉ោង៦ព្រឹក ការរត់ចម្ងាយ៥គីឡូម៉ែត្រ មានអ្នកចូលរួម១.៤០០នាក់ ចាប់ផ្តើមរត់ពីម៉ោង៦ និង១៥នាទីព្រឹកនិងការរត់ប្រណាំងចម្ងាយ៣គីឡូម៉ែត្រ មានអ្នកចូលរួម៨០០នាក់ ចាប់ផ្តើមរត់ពីម៉ោង៥ និង៣០នាទីព្រឹក។

ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនៅតំបន់អង្គរនេះ បានខកខានមួយរយៈកន្លងមក ដោយសារតែបញ្ហានៃជំងឺកូវីដ-19 បានគំរាមកំហែងនៅទូទាំងពិភពលោក ហើយកីឡានេះទើបតែវិលត្រឡបមកវិញសាជាថ្មី បន្ទាប់ពីជំងឺកូវីដ-19បានស្ងប់ស្ងាត់ទៅ៕