អន្តរជាតិ

មនុស្សជិត២០០០នាក់ជម្លៀសខ្លួន ក្រោយភ្នំភ្លើង Semeruឥណ្ឌូណេស៊ីផ្ទុះខ្លាំង

ប្រជាជនឥណ្ឌូណេស៊ីជិត២០០០នាក់នៃកោះJavaខាងកើត បាននាំគ្នាជម្លៀសខ្លួនជាបន្ទាន់ ក្រោយភ្នំភ្លើង Semeru ឥណ្ឌូណេស៊ីបានផ្ទុះយ៉ាងខ្លាំងបញ្ចេញផ្សែងផេះទៅលើអាកាស។

យោងតាមទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូណេស៊ី ហៅកាត់ (BNPB) បានឲ្យដឹងថា ការផ្ទុះបានកើតឡើងកាលពីថ្ងៃអាទិត្យ ដោយកំពូលនៃភ្នំកម្ពស់ ៣៦៧៦ ម៉ែត្រ បានផ្ទុះចេញចំហាយខ្យល់ក្តៅ ពពក កម្ទេចកម្ទីធូលីយ៉ាងក្រាស់ទៅកាន់បរិកាស។ លោក Abdul Muhari អ្នកនាំពាក្យរបស់ BNPB បានព្រមានអ្នកស្រុកដែលរស់នៅក្បែរភ្នំ មិនឱ្យធ្វើសកម្មភាពណាមួយ​ក្នុងចម្ងាយ ៨ គីឡូម៉ែត្រនៃភ្នំ និងត្រូវរក្សាឱ្យឆ្ងាយពីមាត់ទន្លេក្នុងតំបន់ដើម្បីជៀសវាងហានិភ័យ​នៃលំហូរកម្អែភ្លើង។ ជាលទ្ធផល មនុស្សចំនួន ១៩៧៩នាក់ ត្រូវបានផ្លាស់ទៅកាន់ទីជម្រកថ្មី ១១កន្លែង ខណៈអាជ្ញាធរបានចែកចាយរបាំងមុខ និងម៉ាសតាមវិធានការសុខាភិបាលផងដែរ។

មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសទេ ហើយក្រសួងដឹកជញ្ជូនរបស់ប្រទេស​ឥណ្ឌូណេស៊ីក៏បាននិយាយដែរថា មិនមានផលប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវអាកាស ប៉ុន្តែការជូនដំណឹងត្រូវបានបញ្ជូនទៅអាកាសយានដ្ឋានក្នុងតំបន់ចំនួនពីរសម្រាប់ការប្រុងប្រយ័ត្ន ខណៈទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ខ្លួនកំពុងតាមដានលទ្ធភាពនៃរលកយក្ស​ស៊ូណាមិ​បន្ទាប់ពីការផ្ទុះ។ សូមរំលឹកថា ការផ្ទុះភ្នំភ្លើង Semeru កាលពីឆ្នាំមុនបានសម្លាប់មនុស្ស​យ៉ាងហោចណាស់៥១ នាក់ របួសជាង ១០០ នាក់ ផ្ទះនិងអគាររាប់ពាន់ខ្នងត្រូវបានខូចខាត៕

ប្រភព៖ ​ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា