សេដ្ឋកិច្ច

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជា ប្តេជ្ញា​ជួយ​វិស័យ​ដីឡូត៍​ឲ្យ​ទទួលបាន​នូវ​ភាព​រីកចម្រើននិងការទទួលស្គាល់​

​ភ្នំពេញ​៖​អង្គ​មហាសន្និបាត​សមាគម​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជា កាលពី​ល្ងាចថ្ងៃទី​៣​ខែធ្នូ ឆ្នាំ២០២២បាន​បោះឆ្នោត​គាំទ្រ​ផ្តល់​សេចក្តីទុក​ចិត្ត​ជូន​សមាសភាព​ក្រុមប្រឹក្សាភិបាល​ថ្មី​អាណត្តិ​ទី​២ សម្រាប់​ឆ្នាំ ២០២៣-២០២៥ និង​គាំទ្រ​លោក​ឧកញ៉ា ម៉ន សុខា ជា​ប្រធាន​ដឹកនាំ​សមាគម​សម្រាប់​អាណត្តិ​ថ្មី​ដែលជា​អាណត្តិ​ទី​២​បន្តទៀត​។​

សមាគម​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជា ស​.​អ​.​ដ​.​ក (Cambodian Land Lots Development Association C.L.D.A) បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ជា​ផ្លូវការ​នៅ​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ​២០២០ ដែលមាន​ទស្សនៈវិស័យ ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា នៃ​វិស័យ​ដីឡូត៍ និង​លើកស្ទួយ​មុខមាត់ កេរ្តិ៍ឈ្មោះ​ល្អ ការទទួលស្គាល់​ទូលំទូលាយ និង​ស្របតាម​ច្បា​ប់ប​ញ្ញ​តិ នៅ​កម្ពុជា​។

ក្រោយប្រកាសជាប់ឆ្នោតជាប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជាជាថ្មីម្តងទៀត លោក​ឧកញ៉ា ម៉ន សុខា បាន​ថ្លែងប្តេជ្ញាថា​៖​លោក​បាន​តាំងចិត្ត​ចូលរួម​ជ្រោមជ្រែង​ជួយ​ដល់​សមាជិក​សមាជិកា អ្នករកស៊ី​នៅក្នុង​វិស័យ​អចលនទ្រព្យ​ជាពិសេស​វិស័យ​ដីឡូត៍​ឲ្យ​ទទួលបាន​នូវ​ភាព​រីកចម្រើននិងការទតួលស្គាល់​។​ជាងនេះទៅទៀត​លោក​សន្យានឹង​ខិតខំ​ព្យាយាម​អនុវត្តតាម​ផែនការ​យុទ្ធសាស្ត្រ​ទាំង​ប្រាំ​ឲ្យ​សម្រេច​​បាន​លទ្ធផល​ល្អ ១០០%​។​

លោក​ឧកញ៉ា ម៉ន សុខា ជាប់ឆ្នោតជាប្រធាន​ដឹកនាំ​សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍​សម្រាប់​អាណត្តិ​ទី​២​បន្តទៀត​

​លោក​ឧកញ៉ា បាន​បញ្ជាក់ថា​៖«​អ្នក​អភិវឌ្ឍ​គម្រោង​អចលនទ្រព្យ​ទាំងអស់ ត្រូវបំពេញ​កាតព្វកិច្ច ជូន​ដល់​អតិថិជន​ឲ្យ​បាន​ចប់សព្វគ្រប់ តាម​ផែនការ និង​គោលការណ៍​កំណត់​ផ្តល់​ភាពស្របច្បាប់​ជូន​អ្នកទិញ អនុវត្ត​តាមច្បាប់​ប​ញ្ញ​តិ បង្កើត​ទំនុកចិត្ត​ពី​សាធារណជន ក្នុង​នាម​​​ជា​អ្នក​អភិវឌ្ឍ​ល្អ​សម្រាប់​សង្គមជាតិ​កម្ពុជា​» ។​

​លោក​បាន​បន្តថា​៖​ឆ្លងកាត់​រយៈពេល​ជិត​៣​ឆ្នាំ ជាមួយ​កិច្ចការ​សម្រេចបាន​លទ្ធ​ផល​ល្អប្រសើរ​មួយចំនួនធំ ពិសេស​ការប្រឹក្សា​យោបល់ ផ្តល់​បច្ចេកទេស ពត៌មាន និង​ផ្សព្វផ្សាយ​សម្របសម្រួល​កិច្ចការ​ផ្លូវច្បាប់​ផងដែរ​។ ទន្ទឹមនឹងនេះ​យើង​ក៏​នៅមាន​បេសកកម្ម​ជាច្រើន​ទៀត​ដែល​កំពុង​បំពេញ​ដើម្បី​វឌ្ឍនភាព​នៃ​វិស័យ​អចលនទ្រព្យ (​ដីឡូត៍​) និង​សង្គមជាតិ​ទាំងមូល​។ ភាព​រីកចម្រើន នៃ​វិស័យ​អចលនទ្រព្យ​គឺជា​មុខមាត់​ប្រទេស​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ដែល​អ្នក​អភិវឌ្ឍ​គម្រោង​អចលនទ្រព្យ​ដើរតួ​យ៉ាង​សំខាន់​ក្នុងការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ សំណង់ បង្កើន​ធនធានមនុស្ស ប​ង្កើ​កាត​ការងារ បង្កើត​ប្រាក់ចំណូល ទាក់ទាញ​ការ​វិនិ​យោគ ព្រមទាំង​លើកមុខ​មាត់​និង​បង្កើន​ត​ម្ល​អចលនទ្រព្យ​ក្នុង​តំបន់​ក្នុងនោះ​យើង​សង្កេតឃើញថា មាន​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន ដែល​កើនឡើង ពោលគឺ​មាន​អ្នក​អភិវឌ្ឍ​ល្អ​គិតពី​ផលប្រយោជន៍​រួម និង​អ្នក​អភិវឌ្ឍ​មិនល្អ​គិតតែ​ពី​ផលប្រយោជន៍​ខ្លួនឯង​។

​លោក​ឧកញ៉ា ម៉ន សុខា បា​ក៏បាន​លើកឡើង​ផងដែរ​ថា​៖​អ្នក​អភិវឌ្ឍ​គម្រោង​អចលនទ្រព្យល្អ​ បាន​ជួយផ្តល់​អចលនទ្រព្យ​ល្អ​សម្រាប់​ប្រជាពលរដ្ឋ ,​បំពេញតម្រូវការ​ជូន​អតិថិជន​បានល្អ​ប្រសើរ​ ផ្តល់​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ ភាពស្របច្បាប់​ជូន​អតិថិជន ,​បង្កើត​ចរន្ត​សេដ្ឋកិច្ច លំហូរ​សាច់ប្រាក់ ,​ផ្តល់​ចំណូល​ចូល​រដ្ឋ តាមរយៈ​ការបង់ពន្ធ ,​ផ្តល់ឱកាស​វិនិយោគ សម្រាប់​ប្រជាពលរដ្ឋ ​លើកស្ទួយ​មុខមាត់​ក្នុង​​តំបន់​ដែល​គាត់​អភិវឌ្ឍ ,​ធ្វើ​ឲ្យ​ដីធ្លី​ឡើង​តម្លៃ​ខ្ពស់ ចំណេញ​ដល់​ពលរដ្ឋ​រស់នៅក្នុង​តំបន់ និង​បង្កើត​ឱកាស​ការងារ​ច្រើន​ផ្នែក ។​

លោក​ឧកញ៉ា​បានឱ្យដឹង​ទៀតថា​៖​គោលដៅ​រយៈពេល​៣​ឆ្នាំ សម្រាប់​អាណត្តិ​ទី​២ ឆ្នាំ​២០២៣-២០២៥​គឺ​ត្រូវ​ផ្សព្វផ្សាយ​ធ្វើ​ឲ្យ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​(​ដីឡូត៍​)​យល់ដឹង​ពី​ផ្នែក​អភិវឌ្ឍន៍​ដីឡូត៍​​បង្កើន​កិច្ចសហប្រតិបត្តិការ​អោយ​កាន់តែ​ប្រសើរឡើង​រវាង​​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​ភ្នាក់ងារ​លក់​ដីឡូត៍​ទូទាំងប្រទេស​,​បញ្ជ្រាប​ការលើក​កំពស់​ក្រមសីលធម៌​វិជ្ជាជីវៈភាពច្បាស់លាស់​និង​ការអភិវឌ្ឍន៍​យ៉ាងពិត​ប្រាកដ របស់​​គម្រោង​ដីឡូត៍​ទាំងអស់ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នកទិញ និង​អ្នកវិនិយោគ​,​ជួយ​សម្រប​សម្រួលការ​ពង្រីក​អាជីវកម្ម និង​ទីផ្សារ​ដីឡូត៍​នៅ​កម្ពុជា​ឲ្យ​មាន​វិសាលភាព​ទូលំទូលាយ ការទទួលស្គាល់ និង​ស្របតាម​ច្បា​ប់ប​ញ្ញ​តិ រួមចំណែក​កិច្ចការងារ​សង្គម​,មនុស្សធម៌និង​អភិវឌ្ឍន៍​​ប្រទេសជាតិ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​ឧកញ៉ា ម៉ន សុខា បាន​គូសបញ្ជាក់ថា​៖​កត្តាចាំបាច់​គឺ​ចង់​ជំរុញ​ឲ្យ​អ្នកវិនិយោគ អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ ជាពិសេស​អ្នក​អភិវឌ្ឍ​ន៍​​ដី​ឡូត​អនុវត្ត​ទៅតាម​ច្បាប់​បទដ្ឋាន​បច្ចេក​ទេស​ឲ្យ​បានល្អ​ប្រសើរ​តាម​ស្តង់ដារ​កំណត់ដោយ​រាជរដ្ឋាភិបាល​និង​ព្យាយាម​ផ្ដល់ឱកាស​ការ​ប្រឹក្សា​យោបល់​ចូលរួម​ជ្រោមជ្រែង​ធ្វើយ៉ាងណា​ឲ្យ​សមាជិក​សមាជិកា​របស់​សមាគម​មានឱកាស​ផ្សារភ្ជាប់​ទំនាក់ទំនង​គ្នា​និង​ជាមួយ​អតិ​ថិជន​បាន​គ្រប់​ទីកន្លែង​ការលក់ដូរ​មានឱកាស​បាន​រីកចម្រើន​។​ជាពិសេស​ព្យាយាម​ផ្ដល់នូវ​ឱកាស​ការទាក់ទាញ​វិនិយោគ​ពី​ក្រៅប្រទេស​មក​កម្ពុជា​ព្រោះ​ការវិនិយោគ​ច្រើន​មក​កម្ពុជា​ដែលជា​ផ្នែក​មួយ​ជំរុញ​ឲ្យ​វិស័យ​អចលនទ្រព្យ​មានការ​រីកចម្រើន​នៅពេល​អចលនទ្រព្យ​មាន​ការ​រីកចម្រើន​សេដ្ឋកិច្ចកម្ពុជា​ក៏​រីកចម្រើន​។​

​លោក​បាន​មានប្រសាសន៍​ទៀតថា​«​វិស័យ​ដី​ឡូ​តិ៍​នឹងមាន​ភាព​រីកចម្រើន​និង​មានការ​ទទួលស្គាល់​បើ​យើង​មាន​ភាពស្របច្បាប់​អនុ​លោ​ម​​តាមច្បាប់​អនុញ្ញាត​ដូចជា​ការបង់ពន្ធ​តែបើ​សិន​មាន​អ្នក​អភិវឌ្ឍន៍​ចង់​គេចវេ វិស័យនេះ​នឹងមិន​មានការ​ទទួលស្គាល់​និង​ឲ្យ​តម្លៃ​នោះទេ​»​។​

​ទាកទង​នឹង​ស្ថានភាព​គម្រោង​ដីឡូត៍ លោក​ឧកញ៉ា បាន​លើកឡើងថា​៖​ស្ថានភាព​វិបត្តិ​កូ​វីដ​១៩​និង​សង្គ្រាម​រុស្ស៊ី​អ៊ុ​យក្រែ​ន​មាន​ផលប៉ះ​ពាល់​ដល់​វិស័យ​អចលនទ្រព្យ​ផងដែរ​។​កន្លងមក​អ្នក​អភិវឌ្ឍន៍​ដី​ឡូ​ឬ​អចលនទ្រព្យ​ជួប​បញ្ហា​ច្រើន​ដោយសារតែ​ចរន្ត​នៃ​ការលក់​និង​អំណាច​​នៃ​ការទិញ​ធ្លាក់ចុះ​។​អ្វីដែល​លោក​មើលឃើញ​នៅ​ឆ្នាំ​បន្ទាប់​គឺ​នៅ​ឆ្នាំ​២០២៣​វិស័យ​អចលនទ្រព្យ​អាច​នឹង​ល្អ​ឡើងវិញ​ខ្លះៗ​។​ក្រោយ​វិបត្តិ​កូ​វីដ និង​ក្នុង​ឆ្នាំ​២០២៣ ខាងមុខនេះ មាន​ព្រឹត្តិការណ៍​សំខាន់ៗ​ដូចជា​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ដែល​នឹង​ទាក់ទាញ​ភ្ញៀវទេស​ចរ​​គ្រប់​បណ្តា​ប្រទេស​មក​កម្ពុជាបន្ថែម​លើ​នេះ​ក៏មាន​ការព្យាករណ៍​ថាវិស័យ​សំណង់​រំពឹង​ងើប​វិញ​ក្នុង​អត្រា៧.២%​ខណៈ​វិ​ស័​អចលន​ទ្រ​ព្យ​​​អាច​ងើបឡើង​ក្នុង​កម្រិត ៥.២%​។​នេះ​បើ​យោងតាម​សារា​ចរណ៍​ណែនាំ​ស្តីពី​ការរៀបចំ​សេចក្តីព្រៀងច្បាប់​សម្រាប់​ប្រើប្រាស់​ឆ្នាំ​២០២៣ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម លោក​ឧកញ៉ា ម៉ន សុខា​ បាន​បន្ត​លើកឡើងថា​៖​អ្នក​អភិវឌ្ឍន៍​ដី​ឡូ​ប្រឈម​នឹង​បញ្ហា​ផ្លូវច្បាប់​ច្រើន​ព្រោះ​រាជរដ្ឋាភិបាល​និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​បានចេញ​ច្បាប់​ថ្មីៗ​ជាច្រើន​ដែល​អ្នក​អភិវឌ្ឍន៍​ដីឡូត៍ តាម​មិនទាន់​និង​ពុំ​យល់ដឹង​អំពី​គោល​ការណ៍​ទាំងនោះ​ហាក់ដូច​ជាថ្មី​ពេក​សម្រាប់​ពួកគាត់​។​លោក​បាន​សំណូមពរ​ដល់​រាជ​រដ្ឋា​ភិ​បា​ក្រសួង​ពាក់ព័ន្ធ ជួយ​ជំរុញ​និង​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​ច្បាប់​បញ្ញត្តិ​ទៅដល់​អ្នក​អភិវឌ្ឍន៍​និង​ស្នើសុំ​ប​ន្ទូ​រ​បន្ថយ​លើ​ពន្ធ​ដើម្បី​ជៀសវាង​អ្នក​អភិវឌ្ឍន៍​ក្លាយទៅជា​ជនរងគ្រោះ​ដោយសារ​ច្បាប់​។​

​លោក​ឧកញ៉ា ឃាង ពុ​ទ្ធី ដែល​ត្រូវបាន​ជ្រើសរើស​ជាទី​ប្រឹក្សា​សមាគម​អ្នក​អភិវឌ្ឍន៍​ដី​ឡូ​កម្ពុជា​នៅ​អាណត្តិ​ទី​២​ទៀត បាន​ប្រាប់​CFN ថា​៖​លោក​បាន​មើលឃើញ​និង​យល់ឃើញថា​អាជីវកម្ម​ដីឡូត៍​នៅ​កម្ពុជា​ជា​អាជីវកម្ម​មួយ​ល្អ​ពាក់ព័ន្ធ​ទៅនឹង​អ្នក​ដែលមាន​ជីវភាព​ទាប​ទៅ​មធ្យម​​ធ្វើ​ឲ្យ​ពួកគាត់​មានការ​វិនិយោគ​អាច​រកប្រាក់​ចំណេញ​អាច​ចេះ​សន្សំ​ប្រាក់​និង​មានឱកាស​មាន​លំនៅឋាន​ផ្ទាល់ខ្លួន​តាមរយៈ​ការ​ទិញ​ដី​ឡូ​ត៍​ទុក​សិន​ក្រោយមក​ពេល​ពួកគាត់​មាន​លុយ​ពួកគាត់​នឹង​អាច​សាងសង់​ផ្ទះ​បាន​។​​អ្នកខ្លះ​អត់​មានលទ្ធភាព​ទិញ​ផ្ទះ​តែម្ដង​នោះទេ​។​

​លោក​បានលើកឡើង​ទៀតថា​៖​មាន​បញ្ហា​អសកម្ម​មួយចំនួន​នាពេល​កន្លងមក ​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​ខ្លះ​មិនបាន​អភិវឌ្ឍ​តាម​អ្វីដែល​បាន​គ្រោង​ទុក​ក្នុង​ផែនការមេ​និង​គម្រោង​របស់​ពួកគាត់​ដែល​បាន​សន្យា​ជាហេតុ​ធ្វើ​ឲ្យ​មាន​ពាក្យ​ច​ចាម​អារាម​មិនល្អដែល​ធ្វើ​ឲ្យ​គម្រោង​មួយ​ចំនួន​ត្រូវ​ជាប់គាំង​។​បញ្ហា​ទាំងអស់នេះ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ និយ័ត​ករ អាជីវកម្ម​អចលនទ្រព្យ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម រដ្ឋាករទឹក អគ្គិសនី​កម្ពុជា​និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ដូចជា​អ្នក​អភិវឌ្ឍន៍​ដី​ឡូ​និង​អតិថិជន ត្រូវតែ​ចូលរួម​ធ្វើការ​ទាំងអស់គ្នា​។​

​លោក​ឧកញ៉ា បាន​សម្ដែង​នូវ​ការគាំទ្រ​ចំពោះ​សមាគម​អ្នក​អភិវឌ្ឍ​ដីឡូត៍​កម្ពុជា​ព្រោះ​មាន​បញ្ហា​ពាក់ព័ន្ធ​ដល់​ប្រជាជន​ប្រមាណ​ពី ៤០ ទៅ ៧០​ម៉ឺន​នាក់​ដែល​បាន​ទិញ​ដីឡូត៍​។​ពួ​ក​គេ​ជួបប្រទះ​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ស្វែងរក​ដំណោះស្រាយ​។​ជាពិសេស​ខាង​រដ្ឋាករទឹក​និង​អគ្គិ​ស​នី​​កម្ពុជា​អាច​សហការ​ជាមួយគ្នា​និង​អ្នក​អភិវឌ្ឍន៍​ដី​ឡូ​កម្ពុជា​ក្នុង​គោលបំណង​អភិវឌ្ឍ​ប្រព័ន្ធ​ទឹក​ប្រព័ន្ធ​ភ្លើង​និង​ហេដ្ឋារចនាសម្ព័ន្ធ​។​

​លោក​បានលើកឡើង​ថាបើ​យើង​អត់​មាន​សមាគម​អ្នក​អភិវឌ្ឍន៍​ដី​ឡូត៍​កម្ពុជា​ដែលជា​បណ្ដុំ​អ្នកវិនិយោគ​អចលនទ្រព្យ​ទេនោះ​ ក្រសួង ​ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​ពិបាក​នឹងធ្វើ​ការ​ជាមួយ​អ្នក​អភិវឌ្ឍន៍​នីមួយៗ​ដែលមាន​ចំនួន​ដល់​រាប់ពាន់​។​លោក​គាំទ្រ​ឲ្យ​មាន​ដំណោះស្រាយ​រួម​ដើម្បី​អាច​ឲ្យ​ប្រជាជន​ដែល​បាន​ទិញ​ដី​ឡូ​ត៍​ឬក៏​វិនិយោគ​ឆ្លើយតប​តាម​សេចក្តីត្រូវកា​រហើយ​នៅពេល​អនាគត​ពួកគាត់​នឹងមាន​លំនៅឋាន​សមរម្យ​ទាំងអស់គ្នា​ស្របទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​តែងតែ​គិតគូរ​ដល់​ប្រជាជន​គ្រប់ពេលវេលា​។​

​លោក​រំពឹងថា​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​នឹង​ពង្រឹងសមត្ថភាព អភិវឌ្ឍ​គម្រោង​នីមួយៗ​ឲ្យ​មាន​លក្ខណៈ​ស្តង់ដារ ជាពិសេស​ការចេញ​បណ្ណ​កម្មសិទ្ធិ​និង​កុំ​និយាយ​ភូតកុហក​ដល់​អតិថិជន​។​

​លោក ម៉ាន់ ច័ន្ទ​ឌី ទីប្រឹក្សា​សមាគម​អ្នក​អភិវឌ្ឍន៍​ដី​ឡូ​កម្ពុជា បាន​មានប្រសាសន៍ថា​៖​សមាគម​អ្នក​អភិវឌ្ឍន៍​ដី​ឡូ​កម្ពុជា​ជា​បណ្ដុំ​នៃ​អ្នក​អភិ​វឌ្ឍន៍​ដី​ឡូ​តិ៍​ដែ​ជួយ​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​។​ការ​ចងក្រង​ជា​សមាគម​នេះ​សំខាន់​ដែល​អាចមាន​សំឡេង​និយាយ​ជាមួយ​រាជរដ្ឋា​ភិ​បាល បណ្ដា​ស្ថាប័ន​ផ្សេងៗ​ជាពិសេស​អគ្គិ​សន​និង​រដ្ឋាករទឹក​ដើម្បី​ជួយ​សម្រួល​ការងារ​វិស័យ​អភិវឌ្ឍន៍​ដី​ឡូ​កម្ពុជា​ដូចជា​កា​រត​បណ្ដាញ​ទឹក ភ្ជាប់​ផ្លូវ​ទៅ​កន្លែង​អភិវឌ្ឍន៍​ជាដើម​។​ការអភិវឌ្ឍ​ផ្លូវថ្នល់​ប្រព័ន្ធ​លូ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ក៏​ជួយ​ដល់​វិស័យ​សេដ្ឋកិច្ចជាតិ​ផងដែរ​។​សមា​គម​​ជួយផ្ដល់​ឱកាស​ឲ្យ​ប្រជាជនមាន​ចំណូល​ដែលមាន​ចំណូល​ទាប​និង​មធ្យម​មានឱកាស​ទិញ​ដី​ឡូ​ដើម្បី​សាងសង់​លំនៅឋាន​។​

​លោក រស់ សុវណ្ណ​ថា សមាជិក​ក្រុមប្រឹក្សាភិបាល បានឱ្យដឹងថា​គោលបំណង​របស់​សមាគម​អ្នក​អភិវឌ្ឍន៍​ដី​ឡូ​កម្ពុជា គឺ​រួមចំណែក​ជាមួយ​​រដ្ឋាភិបាល​កម្ពុជា​និង​អ្នក​ដែល​ពាក់ព័ន្ធ​នានា​ដើម្បី​ពង្រឹង និង​លើកកម្ពស់​ក្រមសីលធម៌​វិជ្ជាជីវៈ សុចរិត​ភាព គណនេយ្យភាព លើ​ការពង្រីក​តម្រូវការ​ទីផ្សារ​ដីឡូត៍​របស់ខ្លួន​ប្រកបដោយ​សុខដុម​នីយកម្ម​ស្របតាម​ច្បាប់​ជា​ធរមាន​និង​មាន​​ទស្សនវិស័យ​ចង់ឃើញ​ការអភិ​វឌ្ឍ​គម្រោង​អចលនវត្ថុ​​ដីឡូត៍​នៅ​កម្ពុ​ជាមាន​ស្តង់ដារ និង​តម្លាភាព រវាង​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​និយ័ត​ករ​អាជីវកម្ម​អចលនវត្ថុ និង​ប​ញ្ហាំ និង​សារពើ​ពន្ធដារ​កម្ពុជា ជា​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បាន​ចំនេញ ជួយ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​អ្នក​មានបាន​ឆាប់រហ័ស​។​

​លោក​បាន​បន្តថា​៖​បេសកកម្ម​របស់​សមា​គម​៖១.​សមាគម​មាន​បេសកកម្ម​បម្រើ​សមាជិក​ទាំងអស់​ដោយ​ជួយ​ឲ្យ​ពួកគាត់​ទទួលបាន​នូវ​ឱកាស​និង​អត្ថប្រយោជន៍​ប្រកួតប្រជែង​ទីផ្សារ​អចលនទ្រព្យ​ដីឡូត៍​តាមរយៈ​ការសហការ និង​យោគយល់​គ្នា​ទៅវិញទៅមក​ឲ្យ​បាន​ជិត​ស្និត​ក្នុងចំណោម​អ្នក​អភិវឌ្ឍ​ដីឡូត៍​និង​ភ្នាក់ងារ​លក់​ដីឡូត៍​។​២. ជំរុញ​លើកទឹកចិត្ត​ដល់​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​ដីឡូត៍ និង​ភ្នាក់ងារ​លក់​ឲ្យ​ចូលរួម​អនុវត្តន៍​ស្របតាម​ច្បាប់​។​៣. ចូលរួម​សហការ ចែករំលែក​បទពិសោធ​ន៍ តាមរយៈ​វេទិកា សិក្ខាសាលា​និង​វគ្គ​បណ្តុះបណ្តាល​ខ្លីៗ​ដើម្បី​ពង្រឹង​សម​ត្តភាព​និង​វិជ្ជាជីវៈ​របស់​របស់​ភ្នាក់ងារ​លក់​ដីឡូត៍​ដែល​ពាក់ព័ន្ធ​និង​ការអភិវឌ្ឍន​គម្រោង​ដីឡូត៍ ឫ​សេវាកម្ម​អចលនវត្ថុ​។​៤. ជំរុញ​ការផ្លាស់ប្តូរ​និង​ចែករំលែក​ព័ត៌មាន​ពីគ្នា​ទៅវិញទៅមក​ដែល​ពាក់ព័ន្ធ​ជាមួយនិង​បញ្ហាដីធ្លី​។​៥. ជួយ​សម្របសម្រួល​សក​ម្ម​ភាព​សហ​ការ​អភិវឌ្ឍ​ន៍​គម្រោង​ដីឡូត៍​ជាមួយ​ដៃគូ​ក្នុងស្រុក និង​បរទេស និង​ទី​៦. ធ្វើ​កិច្ចសហការ​ជាមួយ​អ្នកពាក់ព័ន្ធ​នានា​ដើម្បី​ចូលរួម​រៀបចំ​សន្និសីទ កិច្ចប្រជុំ សិក្ខាសាលា ការរៀបចំ​តាំងពិព័រណ៍​នានា និង​កិច្ចប្រជុំ​ផ្សេងៗ​ក្នុង​កម្រិត​ជាតិ​និង​អន្តរជាតិ​។​

​សូមជម្រាបថា​៖ សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នក​អភិវឌ្ឍ​ដីឡូត៍​កម្ពុជា​ដែល​ទើប​ជាប់​ក្នុង​អាណត្តិ​ថ្មី​អាណត្តិ​ទី​២​នេះ រួមមាន​៖ លោក​បណ្ឌិត ខាត់ បូរ៉ា ,លោក ពៅ លីដា, លោក រស់ សុវណ្ណ​ថា, ឧកញ៉ា ផន វ​ណ្ណិ​ត,បណ្ឌិត ទូច ណារិន,លោក អ៊ី ពិសិដ្ឋ ឯកឧត្តម អ៊ុំ សា​រ៉ាវុធ ឧកញ៉ា សឿ សុវណ្ណ និង​លោក ប៉ុក សៅ​លី ៕​ដោយៈសិរីមតី