សន្ដិសុខសង្គម

នឹងនាំជនសង្ស័យលួចរថយន្តដឹកកន្ទក់ប្រមាណ១០តោនទៅតុលាការ

បន្ទាយមានជ័យ៖សមត្ថកិច្ចបានស្រាវជ្រាវចាប់ជនសង្ស័យម្នាក់ករណីលួចរថយន្តធុនធំដឹកកន្ទក់ទម្ងន់ប្រមាណ១០តោនពីខេត្តបន្ទាយមានជ័យដល់ខេត្តសៀមរាប និងនាំខ្លួនទៅ​តុលាការ។

លោក ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះបានឱ្យដឹងថា កាលពីថ្ងៃទី៣ធ្នូ មានបណ្តឹងតាមទូរសព្ទរបស់ឈ្មោះអ៊ូច សំបូរ អាយុ៣១ឆ្នាំ នៅភូមិរំដួល ស្រុកព្រះនេត្រព្រះ ថាបានបាត់រថយន្តធុនធំរបស់ខ្លួនដឹកកន្ទក់ប្រមាណ១០តោនដែលចតទុកមុខហាងបាយម្ដាយជាប់ផ្លូវជាតិលេខ៦ ដោយមិនបានដកសោ។រថយន្តនោះម៉ាកហ៊ីយាន់ដាយ ផ្លាកលេខភ្នំពេញ 3A-4414។

ក្រោយពីទទួលបណ្តឹង កម្លាំងជំនាញបានចុះស្រាវជ្រាវបន្ទាន់និងសហការជាមួយ​សមត្ថកិច្ចពាក់ព័ន្ធ។ក្នុងការងារសហការនគរបាលចរាចរណ៍ខេត្តសៀមរាប​កាលពីថ្ងៃទី៤ខែធ្នូ ក៏បានឃាត់រថយន្តដូចមានភិនភាគខាងលើនៅម្តុំរង្វង់មូល​ព្រះរាជដំណាក់ ខេត្តសៀមរាបនិងជនសង្ស័យម្នាក់ឈ្មោះឌុក វាសនា អាយុ៣៣ឆ្នាំនៅ ភូមិខ្វាវ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្រោយចាប់បាន សមត្ថកិច្ចសៀមរាបបានប្រគល់រថយន្តខាងលើនិងជនសង្ស័យឱ្យ​នគរបាលស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យវិញដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ