សន្ដិសុខសង្គម

ទំនងស្រវឹងបើករថយន្តបុកម៉ូតូ បណ្ដាលឱ្យឪពុកម្តាយនិងទារករបួសធ្ងន់

ភ្នំពេញ​៖តៃកុងទំនងស្រវឹងបានបើករថយន្តទំនើបចុះពីលើស្ពានបុកម៉ូតូពីក្រោយ ពេញទំហឹង បណ្តាលឱ្យឪពុកម្តាយនិងទារករងរបួសធ្ងន់។គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងលើស្ពានជ្រោយចង្វា ខណ្ឌជ្រោយចង្វា កាលពីវេលាទៀបភ្លឺថ្ងៃទី៥ ខែធ្នូ។

ពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូម៉ាកស្កុបពីជិះឌុបគ្នាចុះពីលើស្ពាន។ពេលនោះមានរថយន្តទំនើបម៉ាកឡិចស៊ីស ផ្លាកលេខភ្នំពេញ 2BB-9989 ក្នុងដំណើរ ស្របគ្នាក៏បុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឱ្យដួលប៉ើងមនុស្សជាច្រើនម៉ែត្រ។

ជនរងគ្រោះជាប្តីបានបោកក្បាលសន្លប់ក្នុងថ្លុមឈាម រីឯប្រពន្ធរបួសដេកស្ដូកស្ដឹង ចំណែកទារកបានខ្ទាតទៅម្ខាងផ្លូវត្រូវអ្នកដំណើរស្ទុះជួយលើកត្រកងបីគួរឱ្យអាណោចអាធ័មត្រូវបានគេជួយដឹកយកទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ ប៉ុន្តែមិនទាន់ដឹងពីអត្តសញ្ញាណ ជនរងគ្រោះនៅឡើយ។

ក្រោយកើតហេតុ រថយន្តមិនបានឈប់ទេ ហើយព្យាយាមបើករត់ ត្រូវសមត្ថកិច្ចគោលដៅ និងពលរដ្ឋដេញតាមចាប់បានដល់ផ្លូវកែវចិន្តា។រថយន្តបង្កបានខ្ទេចខ្ទីផ្នែកខាងមុខ និងអ្នក បើកបរស្ថិតក្នុងសភាពស្រវឹងស្រាខ្លាំង ត្រូវសមត្ថកិច្ចនាំយកទៅការិយាល័យចរាចរណ៍ ដើម្បីចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ